លោកស្រី អ៊ុង ប៉ីយ៉ាណេ គឺជាអ្នកនិព្ធខ្មែរដំបូងគេ ដែលបាននិពន្ធសៀវភៅបែបលើកទឹកចិត្ត ឬ ជួយខ្លួនឯង ចំណងជើង GOOD GIRL ជាប់លំដាប់លក់ដាច់បំផុតនៅលើគេហទំព័រ amazon។ សៀវភៅសរសេររៀបរាប់ពីរឿងរ៉ាវផ្ទាល់ខ្លួន ដែលលោកស្រីបានពុះពារនឹងជំងឺបាក់ទឹកចិត្ត ការប៉ងសម្លាប់ខ្លួន និង ឫសគល់ ជម្នះលើវានេះ លោកស្រីក៏បានដាក់លក់ផ្លូវការនៅកម្ពុជា កាលពីខែកក្កដាកន្លងទៅផងដែរ។
ក្រៅពីជាអ្នកនិពន្ធ ក្នុងវ័យ ៣៧ ឆ្នាំ លោកស្រី អ៊ុង ប៉ីយ៉ាណេ ក៏ត្រូវបានគេស្គាល់ ជាសហគ្រិនជនជាតិខ្មែររស់នៅប្រទេសអូស្រ្ដាលីផងដែរ។ លោកស្រី គឺជាស្ថាបនិកក្រុមហ៊ុន Nalia Skin ដែលជាម៉ាកយីហោថែរក្សាសម្រស់ផ្ដោតក្នុងការផ្ដល់ទំនុកចិត្តដល់អ្នកប្រើប្រាស់គ្រប់រូប និង ជាវាគ្មិនសិក្ខាសាលា «I AM WORTHY» ដែលជាសិក្ខាសាលានិយាយអំពីការផ្ដល់តម្លៃខ្លួនឯងទាំងក្នុងប្រទេសកម្ពុជា និង អូស្រ្ដាលី។
លោកស្រីក៏ជាគ្រូបង្វឹកជីវិត ដែលមានវិញ្ញាបនបត្របញ្ជាក់ច្បាស់លាស់ និង ជាអ្នកសម្របសម្រួលខាងសមាធិផងដែរ។ ការងាររបស់លោកស្រីផ្តោតលើសុខភាពផ្លូវចិត្ត ការកំណត់ព្រំដែនរបស់ខ្លួនជាមួយអ្នកដទៃ និង ការអភិវឌ្ឍន៍ផ្ទាល់ខ្លួន។ រឿងរ៉ាវរបស់លោកស្រីត្រូវបានបង្ហាញនៅក្នុងទស្សនាវដ្តីអន្តរជាតិជាច្រើនដូចជា Prestige, Marie Claire, Country Style និង WHO ។
តាមរយៈអាជីព និង ការងារទាំងនេះ ថ្មីថ្មោងនេះ លោកស្រីត្រូវបានទស្សនាវដ្តីអន្តរជាតិដ៏ល្បី Prestige ជ្រើសរើសជាបុគ្គលមួយរូបនៅក្នុងកម្មវិធី «Prestige 40 under 40» ដែលផ្តោតទៅលើបុគ្គល ៤០ នាក់អាយុក្រោម ៤០ ឆ្នាំ ជាបុគ្គលមានសមត្ថភាពខ្ពស់ ស្នាដៃល្អនៅក្នុងអាជីព និង មានឥទ្ធិពលទាំងក្នុងប្រទេស និង បណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី។
អាចថា នេះជាការជំហានឡើងទៅមួយកម្រិតទៀត ដែលធ្វើឱ្យលោកស្រីកាន់តែលេចធ្លោនៅក្នុងអាជីពជាសកល ហើយក៏បង្ហាញពីឥទ្ធិពលខ្លាំងរបស់ស្ត្រីកម្ពុជាយើងផងដែរ៕