កាលពីរសៀលថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ តាមរយៈគណនីរបស់លោក ប៊ុន ផាក ដែលមានឈ្មោះ Bun park បានបង្ហោះរូបភាពជាមួយលិខិតកោះហៅ ព្រមទាំងបានបញ្ជាក់ថា លោកនឹងចូលខ្លួនស្រាយបំភ្លឺ នៅស្នងការនគរបាលរាជធានីភ្នំពេញ តាមការអញ្ជើញរបស់ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានី នៅព្រឹកថ្ងៃទី ២១ ខែ មីនា។
បន្ថែមលើសពីនេះ លោកបានបញ្ជាក់ថា លោកនឹងធ្វើការបកស្រាយពីសំណេរដែលលោកបានបង្ហោះនៅលើបណ្តាញសង្គមកាលពីថ្ងៃ ១៥ ខែមីនា កន្លងទៅ ដែលបានបញ្ចេញមតិនៅលើបណ្តាញសង្គមថា៖ «កម្ចាត់ក្មេងទំនើង និង ចោរប្លន់ឱ្យបាន ទើបយើងអាចនិយាយបានថា យើងមានសន្តិភាព»។
យ៉ាងណាមិញ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ នេះ លោក ប៊ុន ផាក បានចូលខ្លួនបំភ្លឺតាមលិខិតកោះហៅរបស់ស្នងការរាជធានីហើយ តបតាមការកោះហៅឱ្យទៅបំភ្លឺពាក់ព័ន្ធករណីការបំភ្លៃព័ត៌មានមិនពិតលើបណ្ដាញទំនាក់ទំនងសង្គម។ ដោយឡែក ចំពោះលទ្ធផលនៃការចូលបំភ្លឺនេះ សាមីខ្លួន និង ខាងស្នងការរាជធានីភ្នំពេញ នៅមិនទាន់ចេញមុខបញ្ជាក់នៅឡើយទេ៕