នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៥ ដែលត្រូវនឹងថ្ងៃបិណ្ឌទី ៧ រដ្ឋបាលខេត្តកណ្ដាល បានបង្ហាញពីទិដ្ឋភាព ដែលប្រជាពលរដ្ឋ នាំគ្នាសម្រុកទៅទស្សនាកម្សាន្តណែនណាន់តាន់តាប់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាសមិទ្ធផលថ្មីដ៏អស្ចារ្យ របស់កម្ពុជា។
ក្នុងនោះ រដ្ឋបាលខេត្តកណ្ដាល បានបញ្ជាក់នៅថ្ងៃបិណ្ឌ៧ ឱ្យបានដឹងថា មានប្រជាពលរដ្ឋមកលេងកម្សាន្តក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ ណែនណាន់តាន់តាប់ហើយ អ្នកចង់មកទៀត គួរចាំពេលក្រោយ ចំណតក៏ពេញ ផ្លូវថ្នល់ក៏ពេញ ស្ទះផ្លូវ អត់សប្បាយទេ។
គួរឱ្យដឹងផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលជាសមិទ្ធផលថ្មីសន្លាងដ៏អស្ចារ្យរបស់កម្ពុជា ទើបតែបើកសម្ពោធចាប់ផ្តើមឡើងក្នុងដំណាក់កាលទី ១ ជាមួយសមត្ថភាពទទួលអ្នកដំណើរបានរហូតដល់ ១៥ លាននាក់ក្នុងមួយឆ្នាំ និង មានគម្រោងពង្រីកបន្ថែមដើម្បីទទួលអ្នកដំណើរបាន ៣០ លាននាក់ក្នុងឆ្នាំ ២០៣០ និង អ្នកដំណើរ ៥០ លាននាក់នៅឆ្នាំ ២០៥០។
សូមទស្សនាទិដ្ឋភាព ប្រជាពលរដ្ឋនាំគ្នាទៅទស្សនាកម្សាន្តណែនណាន់តាន់តាប់ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃអាទិត្យទី ១៤ ត្រូវនឹងថ្ងៃបិណ្ឌ ៧ ម្សិលមិញនេះ ៖