នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រុមបាតុករថៃបានចាប់ផ្តើមផ្តុំគ្នាជាថ្មីដើម្បីធ្វើការតវ៉ាទាមទារឱ្យនាយករដ្ឋមន្រ្តីចុះចេញពីដំណែង និង ដើម្បីបង្ហាញពីអំណាចរបស់ប្រជាជនលើបញ្ហាទាក់ទងនឹងអធិបតេយ្យភាព និង ស្ថានភាពនយោបាយក្នុងប្រទេសនាពេលបច្ចុប្បន្ន។
តាមព័ត៌មានបានឱ្យដឹងថា ក្រុមខាងលើនេះមានឈ្មោះថា កម្លាំងឯកភាពទឹកដី ដើម្បីការពារអធិបតេយ្យភាព ដែលដឹកនាំដោយលោក Jatuporn Promphan លោក Panathep Puapongphan លោក Nitithorn Lamluea និង Phichit Chaiyamongkol។ ក្រុមនេះបាន និង កំពុងនាំគ្នាផ្តុំនៅវិមានជ័យសមរភូមិនាទីក្រុងបាងកកជាបណ្តើរហើយៗ ដោយមានការរក្សាសន្តិសុខយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរ។
យ៉ាងណាមិញ ក្រុមបាតុករខាងលើនេះ បានរួមគ្នាតវ៉ាក្នុងបំណងបណ្តេញនាយករដ្ឋមន្រ្តីចេញពីដំណែង និង ការពារភាពថ្លៃថ្នូររបស់ប្រទេស ជាពិសេសក្រោយមានការលេចចេញនូវសារសំឡេងរវាងមេដឹកនាំ ព្រមទាំងបង្ហាញពីអំណាចរបស់ប្រជាជនលើបញ្ហាទាក់ទងនឹងអធិបតេយ្យភាពទឹកដីផងដែរ៕
ប្រភព៖ Thairath