មិនថាឋានៈខ្ពស់ប៉ុនណា អាកប្បកិរិយាមិនសមរម្យជាមួយបុគ្គលិកក្រោមឱវាទ វាអាចជះឥទ្ធិពលខ្លាំង ដែលបង្ហាញពីភាពអសីលធម៌ផង ជាគំរូមិនល្អផង ហើយថែមទាំងប៉ះពាល់ដល់អង្គភាពផងដែរ។ ដូចពាក្យគេលើកឡើងមិនខុស ធ្វើមេគេ តែខ្វះភាពជាមេគេ។ ពាក្យនេះជាការវាយតម្លៃដ៏ត្រឹមត្រូវមួយក្នុងបរិបទនៃភាពជាអ្នកដឹកនាំ ហើយវារមែងបង្ហាញតាមរយៈចំណុច ៣ យ៉ាងខាងក្រោម៖

១) ខ្វះការគ្រប់គ្រងអារម្មណ៍: មេដឹកនាំល្អ ត្រូវចេះគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន និង រក្សាភាពថ្លៃថ្នូរ ទោះបីក្នុងស្ថានភាពតានតឹងក៏ដោយ។
២) មិនគោរពមន្ត្រីក្រោមឱវាទ: ការប្រើពាក្យពេចន៍មិនសមរម្យបង្ហាញពីកង្វះការគោរពចំពោះកិច្ចខិតខំប្រឹងប្រែង និង សេចក្តីថ្លៃថ្នូររបស់មន្ត្រីក្រោមឱវាទ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សីលធម៌ក្នុងអង្គភាព។
៣) គំរូមិនល្អ: ឋានៈកាន់តែខ្ពស់តម្រូវឱ្យមានការបង្ហាញពីគំរូល្អសម្រាប់ការអនុវត្តវិជ្ជាជីវៈ និង វិន័យ។ សកម្មភាពខុសឆ្គងណាមួយ ពិសេសពាក់ព័ន្ធនឹងសីលធម៌នឹងធ្វើឱ្យកិត្តិយសរបស់អង្គភាពថយចុះតាមនោះដែរ។

គុណសម្បត្តិនៃភាពជាមេដឹកនាំល្អ (ដែលគួរមាន):
- ភាពថ្លៃថ្នូរ: ប្រើប្រាស់ភាសា និង កាយវិការដែលសមរម្យទៅតាមឋានៈ។
- ការលើកទឹកចិត្ត: ផ្តល់ការណែនាំប្រកបដោយការស្ថាបនា ជាជាងការជេរប្រមាថ។
- ភាពទទួលខុសត្រូវ: ទទួលខុសត្រូវចំពោះភាពជោគជ័យ និង បរាជ័យរបស់ក្រុម៕

ប្រភព៖ ឯកសារច្បាប់ និង រដ្ឋបាល