នៅព្រឹកថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៥ នេះ ក្រសួងព័ត៌មានបានជូនដំណឹង សូមឱ្យប្រជាពលរដ្ឋកុំយល់ច្រឡំ និង ឈប់ផ្សព្វផ្សាយ ហើយឈប់ចែករំលែកព័ត៌មាន ដែលថាមានហ្វូងបក្សីស្លាប់ដោយសារផ្សែងពុល គឺជាព័ត៌មិនពិតនោះឡើយ។
ក្នុងនោះក្រសួងព័ត៌មានបានបញ្ជាក់ឱ្យបានដឹងថា ការបង្ហោះផ្សាយរបស់ Facebook Page នោះគឺជាព័ត៌មានបំភ្លៃ ខណៈសត្វទាំងនេះ មិនមែនស្លាប់ដោយសារផ្សែងពុលទេ ហើយបន្តិចទៀតនេះ នឹងមានការបំភ្លឺពីស្ថាប័នជំនាញ។ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋតាមដានព័ត៌មានដែលមានប្រភពផ្លូវការច្បាស់លាស់ និង កុំជឿលើការបង្ហោះផ្សាយរបស់គណនីដែលគ្មានប្រភពច្បាស់លាស់។
សូមរំឭកផងដែរថា នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ មានគណនីឈ្មោះ Hok Ren បានបង្ហោះវីដេអូភ្ជាប់ជាមួយសារដែលជាព័ត៌មានមិនពិតថា ៖ «ស្រុកអន្លង់វែង ២០/០៨/២០២៥ បក្សីមានស្លាបហោះផងនៅតែ ចុះទម្រាំមនុស្សប៉ះពាល់យ៉ាងណា? ស្រុកអន្លង់វែង រាជរដ្ឋាភិបាលគួរចុះត្រួតពិនិត្យមើល និង កសាងសំណុំរឿងប្ដឹងប្រទេសថៃឡង់ ដែលប្រើផ្សែងពុលសម្លាប់នឹងសត្វ!!»៕