មហាជនលើបណ្ដាញសង្គមភាគច្រើនសុទ្ធសឹងតែបានជ្រាបហើយពីវេជ្ជបណ្ឌិត ហ៊ាង រតនា ដែលគេស្គាល់ថាជាប្រធានមន្ទីរសម្រាកព្យាបាលជំងឺ «មេត្តាសំណង១២» ដោយមួយរយៈកន្លងទៅ មានការផ្ទុះវែកញែកខ្លាំងទាក់ទិននឹងករណីកើតឡើងក្នុងមន្ទីរពេទ្យព្យាបាលជំងឺរបស់លោកនាពេលកន្លងមក រហូតមានការបិទមន្ទីរពេទ្យលែងឱ្យបន្តអាជីវកម្ម។
យ៉ាងណាមិញ ក្រោយពីស្ងប់ស្ងាត់មួយរយៈ ថ្មីៗនេះ វេជ្ជបណ្ឌិត ហ៊ាង រតនា បានចេញមកបង្ហោះនូវសំណេរចាស់ ដែលលោកបានផុសលើហ្វេសប៊ុកកាលពីអំឡុងខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ នឹងភ្ជាប់សំណេរបន្ថែមប្រកាសពីការបញ្ចប់អាជីពជាវេជ្ជបណ្ឌិតរបស់លោកយ៉ាងភ្ញាក់ផ្អើល។
ក្នុងនោះ វេជ្ជបណ្ឌិត ហ៊ាង រតនា បានរៀបរាប់ថា៖ «បងប្អូននៅចាំអត្ថបទនេះទេ ពេលផុសអត្ថបទនេះ ខ្ញុំស្បថចំពោះខ្លួនឯង ៣ ចំណុច បើមានចំណុចណាមួយក៏ដោយក្នុងចំណោម ៣ ចំណុចនេះ ខ្ញុំនឹងលែងធ្វើគ្រូពេទ្យមួយជីវិត។ ទីមួយ គឺចំណុច ដែលខ្ញុំផុសនេះ (តែក្នុងផុសនេះមតិមិនគាំទ្រសឹងមិនដល់ ១% ផង) និង ពីរចំណុចទៀត ខ្ញុំសុំលាក់សិន។
ពេលនេះ ២ ចំណុច នោះ គឺវាមានទាំងពីរ ដូច្នេះច្បាស់ហើយ ខ្ញុំបោះបង់អាជីពជាវេជ្ជបណ្ឌិតពេញមួយជីវិត។ ខ្ញុំជាមនុស្សប្រកាន់សច្ចៈ និង ប្រកាន់ពាក្យសម្តីជាទីបំផុត និយាយបែបណាធ្វើបែបនោះដោយគ្មានការសោកស្តាយឡើយ។ ផេកនេះ ខ្ញុំនឹងដកពាក្យ វេជ្ជ. ពីខាងមុខ (តែមិនដឹងដូរឈ្មោះបាន ឬអត់ទេ ព្រោះមាន Tick Verified) បងប្អូនណាមានមុខរបរ មាន Business អ្វីល្អ ហៅខ្ញុំចូលរួមរកសុីដែរផង ខ្ញុំរីករាយស្តាប់ពីគម្រោងអាជីវកម្មរបស់បងប្អូន តែហាមមានគំនិតបោកប្រាស់ ព្រោះខ្ញុំគេបោកប្រាស់ឡើងមានអង់ទីករពេញខ្លួនហើយ។
អ៊ីចឹងមានគំនិតអាជីវកម្មអ្វីល្អ អាចហៅខ្ញុំសហការបាន ព្រោះពេលនេះខ្ញុំដើរទាត់ខ្យល់ហើយ។ ហើយខ្ញុំមិនធ្វើការឱ្យគេនោះទេ ព្រោះកាលពី ៨ ឆ្នាំមុន ខ្ញុំធ្លាប់ស្បថចំពោះខ្លូនឯងថា មួយជីវិតនេះ ខ្ញុំនឹងមិនធ្វើការឱ្យអ្នកណាគេទៀតជាដាច់ខាត ទោះគ្មានរបរអ្វីរកដាច់ពោះស្លាប់ក៏ដោយ។ I’m here for you and free every day every time to listen your business plan.»៕