ពិតជាគួរឱ្យសោកស្តាយ ដែលថ្មីៗនេះបានទទួលដំណឹងមកថា លោកជំទាវ ផន ធូរេន ដែលជាអ្នកចម្រៀងរបាំបុរាណក្នុងវិស័យចម្រៀងបុរាណ ឬ ចម្រៀងរបាំព្រះរាជទ្រព្យ បានទទួលមរណភាព។
ជាក់ស្តែង តាមការបង្ហោះចែកចាយលើទំព័រហ្វេសប៊ុក Amazing Cambodia បានសរសេរ និង ភ្ជាប់មកជាមួយរូបភាពយ៉ាងដូច្នេះថា៖ «កម្ពុជាកំពុងបាត់បង់ មួយក្នុងចំណោមអាត់ ៤ នៃវិស័យចម្រៀងបុរាណ ឬ ចម្រៀងរបាំព្រះរាជទ្រព្យ នោះគឺ សាស្រ្តាចារ្យ (លោកជំទាវ) ផន ធូរេន។ លោកបានទទួលមរណភាពនៅថ្ងៃអង្គារ ២ រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០២៥ ក្នុងជន្មាយុ ៨១ ឆ្នាំ (យោងតាមបទសម្ភាសផ្ទាល់ គាត់កើតឆ្នាំ ១៩៤៥) ដោយរោគាពាធ។
ការបង្ហោះនេះក៏បានបញ្ជាក់ដែរថា លោកជំទាវជាអ្នកចម្រៀងរបាំបុរាណផ្នែកស្រ្តីសំខាន់ទី ៣ ហើយ ដែលបានចែកឋានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពី ទេវនាដនិម្មិត ឯម ធាយ និង សាស្រ្តាចារ្យ ឌួង ម៉ារ៉ី។
លោកជំទាវ ជាសិស្សដែលបានហាត់រៀនក្នុងព្រះបរមរាជវាំងចតុមុខមង្គល នៅក្នុងរជ្ជកាលសម្តេចព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សិរីវឌ្ឍនា៕