ជាមិត្តរួមទ្រនំរាប់ឆ្នាំ! ពេជ្រ សោភា ចាត់ទុក ឆន សុវណ្ណារាជ ក្នុងតំណែងពិសេសនេះ
ប្រិយមិត្តអ្នកគាំទ្រវិស័យចម្រៀងភាគច្រើនសុទ្ធតែបានជ្រាបហើយថា ឆន សុវណ្ណារាជ និង ពេជ្រ សោភា គឺជាដៃគូចម្រៀងដ៏ស័ក្ដិសមមួយគូ ដោយកន្លងមកអ្នកទាំងពីរធ្លាប់ចាប់ដៃគ្នាបកស្រាយបទចម្រៀងមានទាំងចម្រៀងឆ្លងឆ្លើយ មានទាំងបទចម្រៀងច្រៀងតគ្នា។
បើនិយាយដល់ចំណងមិត្តភក្ដិក្នុងរង្វង់សិល្បៈវិញ តារាចម្រៀងប្រុសស្រី ២ ដួងនេះ បានប្រឡូកក្នុងវិស័យចម្រៀង និង ជ្រកក្រោមផលិតកម្មតែមួយរាប់ឆ្នាំមកហើយ ក្នុងនោះគេឃើញថា មនោសញ្ចេតនា ការរាប់អាន គឺសុទ្ធតែជ្រាលជ្រៅគួរឱ្យសរសើរ។
ដ្បិតថាបែបនេះ តែកន្លងមកមិនថា ឆន សុវណ្ណារាជ ឬអ្នកនាង ពេជ្រ សោភា ទេ កម្រនិយាយពីទំនាក់ទំនងរបស់ពួកគេឱ្យសាធារណជនបានជ្រាបខ្លាំងណាស់ ទើបតែថ្មីៗនេះ ម្ចាស់បទ «អូនទៅហើយ» ខាងលើបានបង្ហើបពីតំណែងរបស់ ឆន សុវណ្ណារាជ ចំពោះនាងដោយមិនលាក់លៀម។
ឆ្លៀតឱកាសក្នុងថ្ងៃខួបកំណើត ឆន សុវណ្ណារាជ កាលពីពេលកន្លងទៅ ពេជ្រ សោភា បានឱ្យដឹងថា ឆន សុវណ្ណារាជ គឺជាមនុស្សយល់ចិត្តសម្រាប់នាង។ ចំណែកឯលោក ឆន សុវណ្ណារាជ ក៏ចាត់ទុក ពេជ្រ សោភា ជាមនុស្សជាទីស្រឡាញ់សម្រាប់លោកវិញដូចគ្នា៕