គិតត្រឹមថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៥ នេះ គឺសល់ពេលត្រឹម ៥ ថ្ងៃទៀតប៉ុណ្ណោះ ដែលបាតុភូតសមរាត្រីព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ នឹងឈានចូលមកដល់ ដែលក្នុងឆ្នាំ ២០២៥ នេះ បាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្ត ឬ សមរាត្រីប្រាសាទអង្គរ Equinox Angkor អាចនឹងកើតឡើងនៅថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ៥:០០ នាទីព្រឹក ដល់ម៉ោង ៦:៣០ នាទីព្រឹក។
គួរឱ្យដឹងផងដែរថា ព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន ២ ដង ជារៀងរាល់ឆ្នាំ ដោយលើកទី ១ គឺ សមរាត្រីរដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី ២១ ដល់ ២៣ ខែមីនា នៅវេលាម៉ោង ៥:០០ ព្រឹក ដល់ម៉ោង ៦:៣០ ព្រឹក និង លើកទី ២ គឺសមរាត្រីរដូវវស្សា (Autumnal Equinox) ដែលអាចនឹងកើតឡើងនៅចន្លោះថ្ងៃទី ២១ ដល់ ២៣ ខែកញ្ញា វេលាម៉ោង ៥:០០ ព្រឹក ដល់ម៉ោង ៦:៣០ ព្រឹក។
សូមបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍សមរាត្រី Equinox Angkor គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ពីគ្រប់ទិសទីមកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និង ផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ៕