ជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល នៅវេលាម៉ោង ៥ ល្ងាច ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ មានករណីផ្អើលឈូឆរ ប្រទះឃើញសពបុរសជាកម្មកររោងចក្រម្នាក់ បានសម្រេចចិត្តចងកបញ្ចប់ជីវិតនឹងខ្សែពួ តភ្ជាប់ជាមួយធ្នឹមដំបូលផ្ទះ ក្នុងបន្ទប់ជួលជាន់ទី ២ បណ្ដាលឱ្យបាត់បង់ជីវិត ស្ថិតក្នុងភូមិសុខសាន្ដ សង្កាត់ទួលសង្កែទី ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ទាក់ទិនទៅនឹងករណីនេះ តាមប្រភពព័ត៌មានបានឱ្យដឹងថា សពបុរសដែលចងកសម្លាប់ខ្លួន មានឈ្មោះ សិទ្ធ អាយុ ២៤ ឆ្នាំ មុខរបរជាកម្មកររោងចក្ររស់នៅជាមួយគូដណ្ដឹង នៅទីតាំងកើតហេតុខាងលើ ខណៈបើតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ បុរសខាងលើមិនទៅធ្វើការនោះទេ ដោយគេបានយកកាំបិត កាត់ខ្សែពួដែលទុកយួរសម្ភារៈដែលប្រជាពលរដ្ឋរស់នៅជាន់ទី ០២ ទុកសម្រាប់ទិញអ្នកលក់ចាប់ហួយដែលនៅលក់នៅខាងក្រោម យកដើរចូលក្នុងបន្ទប់ជួលបាត់ រហូតដល់ល្ងាចម៉ោង ៥ ក៏គូដណ្ដឹងរបស់គាត់បានចេញពីធ្វើការរោងចក្រត្រឡប់មកវិញ បានទាញទ្វារបន្ទប់ក៏ប្រទះឃើញបុរសជាគូដណ្ដឹង បានចងកសម្លាប់ខ្លួននឹងខ្សែពួនោះស្លាប់បាត់ទៅហើយ។


តាមប្រភពបានឱ្យដឹងទៀតថា នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ ជនរងគ្រោះខាងលើ បានមានទំនាស់ជាមួយគូដណ្ដឹងរបស់ខ្លួននៅក្នុងបន្ទប់ តែមិនដឹងថាមានរឿងអ្វីនោះទេ រហូតដល់ល្ងាចថ្ងៃទី ២១ ក៏ភ្ញាក់ផ្អើលថាចងកសម្លាប់ខ្លួនតែម្ដង។ ក្រោយកើតហេតុខាងលើ ប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចប៉ុស្ដិ៍ដើម្បីមកធ្វើការពិនិត្យ និង ធ្វើកោសល្យវិច្ច័យ ព្រមទាំងសួរនាំទៅលើគូដណ្ដឹងជនរងគ្រោះ ដើម្បីធ្វើកំណត់ហេតុ៕

ប្រភព ៖ Town News