នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានចេញសេចក្តីប្រកាសព័ត៌មានឱ្យបានដឹងថា បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនឆ្នាំ និង ការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការស្វែងរក និង ទាមទារសម្បត្តិវប្បធម៌ខ្មែរដែលបានបាត់បង់ត្រឡប់មកកម្ពុជាវិញ ក្រសួងវប្បធម៌ បានឈានដល់កិច្ចព្រមព្រៀងជាមួយលោក István Zelnik ស្តីពីការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ ដែលលោក Zelnik កំពុងកាន់កាប់ ជូនមកកម្ពុជាវិញ។

ក្រសួងវប្បធម៌បានឱ្យដឹងថា លោក István Zelnik ជាជនជាតិហុងគ្រី និង ជាអ្នកកាន់កាប់សមុច្ច័យឯកជនមួយរូប ដែលបានប្រមូលវត្ថុសិល្បៈ នៅក្នុងតំបន់អាស៊ី រួមទាំងវត្ថុសិល្បៈខ្មែរផងដែរ អស់រយៈពេលជាច្រើនទសវត្សរ៍។ ក្នុងចំណោមវត្ថុសិល្បៈខ្មែរសំខាន់ៗ ដែលបានព្រមព្រៀងប្រគល់មកកម្ពុជាវិញ នាពេលនេះ មានជាអាទិ៍៖ វាយនភណ្ឌសូត្រខ្មែរចំនួន ១៨៣ ផ្ទាំង ដែលជាគំរូសូត្រខ្មែរដ៏ល្អពិចិត្រមួយ សម្រាប់សមុច្ច័យវាយនភណ្ឌរបស់សារមន្ទីរជាតិកម្ពុជា និង វត្ថុសម័យបុរេប្រវត្តិសាស្ត្រដូចជា៖ កាក់ អង្កាំ គ្រឿងអលង្ការ និង វត្ថុប្រើប្រាស់ធ្វើពីលោហៈធាតុមានតម្លៃ សំរិទ្ធ ថ្ម និង ដីដុត ដែលភាគច្រើនត្រូវបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលច្រើនទសវត្សរ៍កន្លងទៅ។ ក្នុងនោះដែរ ក៏មានសមុច្ច័យសំខាន់ៗមួយចំនួនទៀតដូចជា វត្ថុធ្វើពីថ្ម និង សំរិទ្ធ ក្នុងសម័យមុនអង្គរ និង សម័យអង្គរ។

ក្នុងនោះ ក្រសួងវប្បធម៌ ក៏បានថ្លែងអំណរគុណ និង វាយតម្លៃខ្ពស់ ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ លោក Zelnik ដែលបច្ចុប្បន្នលោកមានអាយុជាង ៧០ ឆ្នាំហើយ ក្នុងការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ជូនមកកម្ពុជាវិញ។ នាពេលកន្លងមក លោក Zelnik ក៏ធ្លាប់បានប្រគល់វត្ថុសិល្បៈខ្មែរមួយចំនួនជូនមកកម្ពុជាវិញ និងបានចូលរួមវិភាគទាន ដ៏សំខាន់ក្នុងគម្រោងស្រាវជ្រាវបុរាណវិទ្យា និង ការបោះពុម្ពស្នាដៃស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនផងដែរ ពាក់ព័ន្ធនឹងបេតិកភណ្ឌវប្បធម៌ សិលាចារឹក និង សិល្បៈខ្មែរសម័យទំនើប៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖

