បាត់ឈឹងពីសិល្បៈ កែវ ពេជ្រពិសី សំងំរស់នៅមើលថែប្ដី និង កូនយ៉ាងមានក្ដីសុខ
បើរំឭកកាលពីជាង ១០ ឆ្នាំមុន ទស្សនិកជនដែលនិយមតាមដានទស្សនាខ្សែភាពយន្តខ្មែរ ច្បាស់ជាមិនរំលងនូវរឿងដែលសម្ដែងដោយតួឯកស្រីដ៏ល្បីល្បាញ កែវ ពេជ្រពិសី ឡើយ ព្រោះជំនាន់នោះ តារាស្រីរូបនេះ ក្ដោបបានតំណែងតួឯកជាច្រើនរាប់ភ្លេច ហើយរឿងដែលនាងសម្ដែងសុទ្ធសឹងតែផ្ទុះការគាំទ្រទស្សនាយ៉ាងច្រើនផុសផុលពីមហាជនគ្រប់ស្រទាប់។
ក្រោយសាងកេរ្ដិ៍ឈ្មោះល្បីល្បាញនៅវិថីសិល្បៈក្លាយជាកំពូលតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពមួយរូប ប៉ុន្ដែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ កែវ ពេជ្រពិសី ហាក់បាត់មុខបាត់មាត់ ឃ្លាតឆ្ងាយពីវិស័យកុនបន្តិចម្ដងៗលែងសូវលេចមុខសម្ដែងក្នុងខ្សែភាពយន្តនានា ដើម្បីបម្រើដល់អារម្មណ៍ទស្សនិកជនដូចកាលពីមុនទៀត។
ខណៈកំពុងលិបលៗក្នុងអាជីពចាស់មួយនេះ តែស្រីស្រស់ កែវ ពេជ្រពិសី ត្រូវបានមហាជនប្រទះឃើញនាងកំពុងរស់នៅប្រើជីវិតឯកជនយ៉ាងមានក្ដីសុខជាមួយកូនប្រុស និង ស្វាមីជាទីស្រឡាញ់ ដោយជារឿយៗ គេតែងឃើញតារាស្រីរូបនេះ បង្ហាញសកម្មភាពនានានៅលើបណ្ដាញសង្គមហ្វេសប៊ុក ស្ដែងពីក្ដីសុខក្នុងគ្រួសារតូចរបស់នាងប្រកបដោយភាពកក់ក្ដៅ និង សុភមង្គល។
ដ្បិតថាពេលនេះ កែវ ពេជ្រពិសី មិនអាចត្រឡប់មកក្ដោបប្រជាប្រិយភាពពីមហាជនដូចកាលពីអតីតកាលបាន ប៉ុន្ដែកន្លងមកតារាសម្ដែងស្រីឆ្នើមរូបនេះ តែងចូលរួមកម្មវិធីផ្សេងៗរបស់មិត្តភក្ដិក្នុងរង្វង់សិល្បៈ ដែលការបង្ហាញខ្លួនរបស់នាង នៅតែត្រូវបានមហាជនចាប់អារម្មណ៍ និង សរសើរពីសម្រស់របស់នាងដដែល៕