មហាជននៅតាមបណ្តាញសង្គមក្នុងប្រទេសថៃ កំពុងតែហួសចិត្តអស់សំណើចជាមួយនឹងករណីមួយ ដែលបុរសម្នាក់ខឹងអ្នកនៅជិតបន្ទប់ចិញ្ចឹមឆ្កែខ្វះអនាម័យ ហើយប្រាប់យ៉ាងណាក៏មិនស្តាប់ ស្រាប់តែយកពស់មកលែងពេញខុនដូរ។
តាមព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវបានកើតឡើងនៅក្នុងខុនដូរមួយកន្លែង នាទីក្រុងបាងកក ដោយមានបុរសម្នាក់បានកើតទុក្ខមិនសុខចិត្តចំពោះអ្នកជិតខាង ដែលបានលួចចិញ្ចឹមសត្វឆ្កែទាំងដែលខុសច្បាប់ខុនដូរ ហើយថែមទាំងគ្មានអនាម័យ បណ្តាលឱ្យមានការព្រូសលូរំខាន មានក្លិន និង មានចៃចូលទៅដល់បន្ទប់អ្នកដទៃ។ បុរសនេះព្យាយាមប្រាប់ខាងខុនដូរឱ្យមកដោះស្រាយតាំងពីឆ្នាំ ២០២៣ តែក៏មិនបានសម្រេច ទ្រាំទៅមុខទៀតលែងបានទើបសម្រេចចិត្តធ្វើការសងសឹកដោយវិធីដ៏មិននឹកស្មាន។
ក្នុងនោះ បុរសនេះបានយកពស់យក្សចំនួន ២ ក្បាល យកទៅលែងនៅផ្លូវដើរក្នុងខុនដូរ ដែលបង្កឱ្យមានការភ្ញាក់ផ្អើល ហើយពិតជាបានផលពិតមែន ដោយខាងអ្នកគ្រប់គ្រងខុនដូរបានចុះមកដោះស្រាយយ៉ាងលឿន ដោយបានផាកម្ចាស់ឆ្កែចំនួន ១០ ០០០ បាត និង បញ្ជាឱ្យយកឆ្កែទៅចិញ្ចឹមកន្លែងផ្សេង ចំណែកឯបុរសខាងលើ ត្រូវបានគេណែនាំឱ្យយកសត្វពស់ចេញទៅវិញ៕
ប្រភព៖ Kapook