ថ្មីៗនេះ មានស្រ្តីជនជាតិចិនម្នាក់ បានទម្លាយរឿងទាក់ទងនឹងឪពុកក្មេក ដែលសប្បាយចិត្តក្រោយពីដឹងថាខ្លួនកើតជំងឺមហារីក ព្រោះតែទ្រាំរស់នៅជាមួយប្រពន្ធមិនបាន។
ស្រ្តីរូបនេះបានរៀបរាប់ឱ្យដឹងថា ឪពុកក្មេករបស់នាងបានរៀបរាប់រឿងជីវិតឱ្យនាងស្តាប់យ៉ាងគួរឱ្យអាណិត។ ដោយឪពុកក្មេកបានឱ្យដឹងថា កាលដែលបានរៀបការជាមួយប្រពន្ធនេះ គឺគ្រាន់តែជាការសងគុណទៅកាន់បងប្រុសរបស់ប្រពន្ធតែប៉ុណ្ណោះ មិនបានរៀបការដោយក្តីស្រឡាញ់ឡើយ ម្យ៉ាងទៀតមុននឹងមករៀបការជាមួយគ្នានេះ ប្រពន្ធក៏ធ្លាប់មានកូនជាមួយប្រុសផ្សេងរួចមកហើយ។
ជីវិតប្តីប្រពន្ធដែលរស់នៅដោយគ្មានក្តីស្រឡាញ់ គឺពិតជាគ្មានក្តីសុខឡើយ ឪពុកក្មេករបស់នាងត្រូវទ្រាំរស់បែបនេះជាច្រើនឆ្នាំ។ អ្វីដែលធ្វើឱ្យនាងកាន់តែអាណិតឪពុកក្មេកនោះ គឺគាត់បែរជាសប្បាយចិត្តនៅពេលដែលដឹងថាខ្លួនកើតជំងឺមហារីក ព្រោះនឹងលែងបាននៅទទួលទុក្ខវេទនាផ្លូវចិត្ត និង បានសងគុណគេអស់ហើយ។ លើសពីនេះទៅទៀត មុននឹងស្លាប់ ឪពុកក្មេករបស់នាងបានផ្តាំទៀតថា បើសិនជាប្រពន្ធស្លាប់ដែរ សូមកុំយកស្លាកព្រលឹងរបស់ខ្លួនដាក់ទន្ទឹមនឹងប្រពន្ធឱ្យសោះ ព្រោះមិនចង់ពាក់ព័ន្ធអ្វីទៀតឡើយ សូម្បីតែពេលស្លាប់ទៅហើយ៕
ប្រភព៖ Sanook