នៅម៉ោងប្រហែល ១:០០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២៥ នេះ នៅឯប្រទេសថៃ មានករណីបាញ់បោះជាថ្មីនៅក្នុងបុណ្យភូមិមួយកន្លែង បណ្តាលឱ្យមនុស្ស ៨ នាក់ បានរងរបួស និង ១ នាក់បានបាត់បង់ជីវិត។
ហេតុការណ៍បានកើតឡើងនៅក្នុងពិធីបុណ្យកាំឡូនលើកទី ៣ ដែលបានធ្វើឡើងនៅគល់ស្ពានគីរីវង្ស ស្រុកកាំឡូន ខេត្តណាក់ខនស៊ីថាំរ៉ាត មានមនុស្សម្នាយ៉ាងច្រើនកុះករ។ តាមព័ត៌មានបានឱ្យដឹងថា ជនដៃដល់បានមកលេងក្នុងពិធីបុណ្យនេះ រួចក៏បានជួបនឹងគូបដិបក្ខដែលធ្លាប់មានរឿងជាមួយគ្នាពីមុន ហើយក៏បានឈ្លោះវាយតប់គ្នា រហូតឈានដល់ការទាញកាំភ្លើងបាញ់។
ជនដៃដល់បានធ្វើបាញ់រះជាច្រើនគ្រាប់ បណ្តាលឱ្យមានការផ្អើលច្រួលច្របល់យ៉ាងខ្លាំង ហើយក្នុងនោះមានមនុស្សរងរបួសចំនួន ៨ នាក់ និង ១ ទៀតបានស្លាប់ ដោយជនរងគ្រោះត្រូវបានគេបញ្ជូនទៅសង្រ្គោះ រីឯជនដៃដល់ក៏ត្រូវបានប៉ូលិសឃាត់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុ៕
ប្រភព៖ Khaosod