នៅថ្ងៃទី ០២ ខែតុលា ឆ្នាំ ២០២៥ តាមរយៈផេក Dr Beat Richner បានជូនដំណឹងពីករណីកុមារាអាយុ ២ ឆ្នាំ និង ៣ ខែម្នាក់ ចូលសម្រាកពេទ្យតាំងពីអាយុ ២ ថ្ងៃ (១៧/០៧/២០២៣) មកពីស្រុកសំពៅលូន ខេត្តបាត់ដំបង សម្រាលតាមធម្មជាតិ ដោយមានមកពីកំណើតនូវ អវៈយវៈលើ ៤ (ដៃ) អវៈយវៈក្រោម៤ (ជើង) និង មានរន្ធគូទត្បៀតជិត (Anal imperforation) បានចូលសំរាកព្យាបាលនៅផ្នែកសង្គ្រោះទារក (NICU) ហើយត្រូវបានវះកាត់ដោយគ្រូពេទ្យឯកទេសវះកាត់ នៃមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ (គន្ធបុប្ផា) ដែលបច្ចុប្បន្ន នៅព្រឹកថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ កុមារារូបនេះ មានសុខភាពល្អបរិបូរណ៍ អាចដើរ និង រត់លេងបានដូចកុមារធម្មតា។
មុននឹងមានលក្ខណៈដូចបច្ចុប្បន្ន ក្រុមគ្រូពេទ្យបានបញ្ជាក់ឱ្យដឹងថា ទារករូបនេះ បានឆ្លងការវះកាត់ ៤ លើក ដោយជោគជ័យ រួមមាន ៖
– ការវះកាត់លើកទី ១ គឺការវះកាត់យកអវៈយវៈលើ ១ គូ (ដៃ) ចេញ។
– ការវះកាត់លើកទី ២ គឺការវះកាត់ដោយចោះពោះវៀនធំ ដើម្បីឱ្យទារកបន្ទោបង់លាមកតាមចង្កេះ (colostomy) បណ្តោះអាសន្ន។
– ការវះកាត់លើកទី ៣ គឺការវះកាត់យកអវៈយវៈក្រោម ១ គូ (ជើង) ចេញ។
– ការវះកាត់លើកទី ៤ គឺ ការវះកាត់យកឆ្អឹង pubis ដែលខូចទម្រង់ពីកំណើតចេញ។ ក្រោយការព្យាបាលដោយវះកាត់ទាំង ៤ លើកទារកមានសុខភាពល្អ មានការលូតលាស់ និង ធំធាត់ប្រក្រតី ដោយមានការជួយសង្គ្រោះដ៏ល្អ និង មានប្រសិទ្ធភាពពីក្រុមវេជ្ជបណ្ឌិតឯកទេសផ្នែកសង្គ្រោះទារក (NICU)។
ដោយឡែកនៅព្រឹកថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ទារករូបនេះ បានចេញទៅផ្ទះដោយស្នាមញញឹមជាមួយឪពុកម្តាយ ខណៈក្រុមការងារវះកាត់ នឹងរៀបចំគម្រោងវះកាត់លើកទី ៥ ជាដំណាក់កាលបញ្ចប់ នាខែមីនា ឆ្នាំ ២០២៦ ខាងមុខនេះ ដោយការជួសជុលរន្ធគូទ និង អវៈយវៈភេទឱ្យនៅចំកន្លែងធម្មជាតិ៕