ពូជសត្វឆ្កែអភិជនទាំង ១០ មានតម្លៃថ្លៃចាប់ពី ៧០០០ ដុល្លារ ដល់ជិត ២ ម៉ឺនដុល្លារ
ប្រិយមិត្តប្រជាប្រិយណាខ្លះ ជាអ្នកស្រឡាញ់សត្វចិញ្ចឹម និង ចូលចិត្តចិញ្ចឹមសុនខ? សុនខ គឺសត្វដែលស្មោះត្រង់ និង មានភក្តីភាពនៅក្បែរមនុស្សបានជិតស្និទ្ធជាងសត្វណាៗទាំងអស់។ វានឹងមិនទុកឱ្យអ្នកអផ្សុកឡើយ ទោះជាពេលខ្លះវារពឹស ឬ ខ្វះសណ្តាប់ធ្នាប់ តែការចិញ្ចឹមសុនខគឺជាអនុស្សាវរីយ៍ដ៏មានន័យកន្លងក្នុងឆាកជីវិត ជាមួយនឹងលក្ខណៈពិសេសផ្សេងគ្នានៃពូជសុនខដែលអ្នកជ្រើសចិញ្ចឹម ហើយអ្នកក៏ប្រើក្តីស្រឡាញ់របស់អ្នកចំពោះសត្វចិញ្ចឹម លើអាហារ និង សុខុមាលភាពរបស់វា ដោយផាត់លើថ្លៃចំណាយនានា ចាត់ទុកពួកគេដូចជាសមាជិកគ្រួសារខ្លួនដូច្នោះដែរ។
ចុះបើពូជសុនខដែលអ្នកប្រាថ្នាចិញ្ចឹម មានតម្លៃថ្លៃកប់ពពកវិញ តើអ្នកនឹងនៅមានអារម្មណ៍ចង់ចិញ្ចឹមវាទៀតទេ? ថ្ងៃនេះ «ប្រជាប្រិយ» សូមណែនាំ ពូជសុនខថ្លៃបំផុតទាំង ១០ ដែលមានតម្លៃថ្លៃកប់ពពកចែកជូនប្រិយមិត្តបានជ្រាបជាការកម្សាន្ត៖
១០. សុនខភ្នំ Afghan Hound តម្លៃ ៧០០០ ដុល្លារ
ពូជនេះគឺយកមកពីលើភ្នំ នៃប្រទេសអាហ្វហ្គានីស្ថាន ហើយត្រូវបានគេចាត់ទុកថាជាឆ្កែដែលមានរោមស្អាតបំផុតលើលោក ហើយគ្រាន់តែកូនតូចរបស់វា មានតម្លៃមិនក្រោម ៣០០០ ដុល្លារឡើយ។
៩. សុនខហ្លួង Pharaoh Hound មានតម្លៃ ៧៥០០ ដុល្លារ
ឆ្កែដែលអ្នកឃើញនៅផ្ទាំងសិលាចរឹករបស់អេហ្ស៊ីប ឈរក្បែរបល្ល័ង្គព្រះចៅផារ៉ាអុស បច្ចុប្បន្នត្រូវបានគេហៅ សុនខប្រមាញ់ទន្សាយ ដោយសារវាត្រូវបានគេប្រើដើម្បីបរបាញ់ទន្សាយនៅលើកោះ ហើយពូជនេះរត់លឿនដូចជាសត្វសេះអ៊ីចឹង។
៨. សុនខពេជ្ឈឃាត Dogo Argentino មានតម្លៃ ៨០០០ ដុល្លារ
ជាប្រភេទពូជឆ្កែអាហ្សង់ទីន គេហៅពូជអ្នកចម្បាំង ព្រោះវាពូកែខាងពិឃាតជីវិត ហើយពេលវាធំឡើងរាងវាហាប់ណែន សង្ហាក្រៃលែង ឆ្កែនេះមហាសេដ្ឋីនិយមចិញ្ចឹម ជាពិសេសបុរសៗអ្នកមាន គេប្រើវាឱ្យសម្លាប់មនុស្ស សត្វមិនញញើតនឹងធ្វើតាមម្ចាស់វាឡើយ។ ពូជនេះត្រូវបង់ពន្ធថ្លៃ និង មិនត្រូវគេអនុញ្ញាតឱ្យចិញ្ចឹមឡើយនៅចក្រភពអង់គ្លេស និង រដ្ឋមួយចំនួននៃសហរដ្ឋអាមេរិក។
៧. សុនខបេតិកភណ្ឌ Canadian Eskimo Dog មានតម្លៃ ៨៧៥០ ដុល្លារ
គេហៅវាថា ពូជសុនខកាណាដា អាចរាប់ថាជាពូជកម្របំផុតលើពិភពលោក ត្រូវបានគេបញ្ចូលក្នុងបញ្ជីកំណត់ត្រាបេតរិកភណ្ឌរបស់កាណាដាថាជាពូជទាមទារការអភរិក្ស ព្រោះមានតែ ៣០០ ក្បាលតែប៉ុណ្ណោះ នៅឆ្នាំ ២០១៨ ពូជនេះស្អាត រោមទន់ តែឆេវឆាវខ្លាំង គេមិនសូវឱ្យចិញ្ចឹមនៅកន្លែង ឬ គ្រួសារមានកូនតូចឡើយ។
៦. សុនខអង្គរក្ស Rottweiler មានតម្លៃ ៩០០០ ដុល្លារ
ជាប្រភេទឆ្កែអាល្លឺម៉ង់ ឆ្កែនេះស្រឡាញ់ម្ចាស់ងាប់ចោល ហើយឆ្លាតជាងពូជឆ្កែណាៗទាំងអស់។ ពូជឆ្កែនេះខុសពីពូជឆ្កែដទៃ រោមវាខ្មៅរលោងដូចនិល ពូជឈ្មោល ស្រឡាញ់ការពារអ្នកចិញ្ចឹមភេទស្រីជាងភេទប្រុស បើពូជញី វាការពារហួងហែងម្ចាស់ប្រុសវាជាងម្ចាស់ស្រី ហើយឆ្កែនេះងាយបង្វឹកឱ្យស្តាប់បង្គាប់ និង ធ្វើតាមដោយសារវាមាន IQ ខ្ពស់ និង ស្មោះស្ម័គ្រនឹងម្ចាស់ក្រៃលែង។
៥. សុនខប្រមាញ់ Azawakh មានតម្លៃ ៩៥០០ ដុល្លារ
ពូជនេះជាពូជសុនខពៅគេលើពិភពលោក ព្រោះមនុស្សទើបបង្កាត់ពូជនេះឱ្យមានលើលោកនៅឆ្នាំ ២០១៩ នេះឯង។ ឆ្កែប្រភេទនេះ ជាឆ្កែអាហ្វ្រិក រត់លឿនដូចឡាន ហើយគេប្រើសម្រាប់ប្រមាញ់សត្វព្រៃ។ ពូជនេះ អត់អាចឱ្យវារស់នៅក្នុងទ្រុងដូចឆ្កែទូទៅឡើយ ចាំបាច់ត្រូវនាំវារត់លេងធ្វើចលនា ជាមួយអាហារលំដាប់គុណភាពទើបអាចរស់បានយូរ។
៤. សុនខកំពែង Tibetan Mastiff មានតម្លៃ ១០ ០០០ ដុល្លារ
ត្រូវបានគេហៅថា ពូជឆ្កែទីបេ។ គេតែងឃើញប្រភេទសុនខនៅតាមតំបន់មហាកំពែងចិន ឆ្កែនេះស្មោះស្ម័គ្រនឹងមនុស្សដល់ថ្ងៃស្លាប់ ជាទីលេងជាមួយយ៉ាងជិតស្និទ្ធនៃក្មេងៗដោយសាររោមវាគឺប្រៀបបាននឹងភួយសំឡីដូចច្នោះដែរ។ សុនខប្រភេទនេះក្លាហាន ហើយត្រូវបានគេចិញ្ចឹមការពារមាន់ ទា និង សត្វពពែ។ កម្ពស់វាខ្ពស់ និង មាឌធំ ប្រហែលនឹងសត្វសេះ និង អាចប្រយុទ្ធនឹងចចក ឆ្កែព្រៃ ខ្លា និង ខ្លាឃ្មុំទៀតផង។ ក្មេងៗមួយចំនួនអាចជិះសុនខប្រភេទនេះបានផងដែរ។
៣. សុនខរាជសីហ៍ Chow Chow មានតម្លៃ ១១ ០០០ ដុល្លារ
Chow Chow មានដើមកំណើតមកពីភាគខាងជើងប្រទេសចិន ហើយវាជាពូជមួយដែលចាស់ជាងគេ និង កម្របំផុតនៅលើពិភពលោក។ ពូជនេះត្រូវបានគេរកឃើញថាត្រូវបានគេប្រើដើម្បីប្រមាញ់សត្វនៅរាជវង្សហាន កាលឆ្នាំ ២០២ មុនគ្រឹស្តសករាជ។ ពូជនេះទាមទារការដើរហាត់ប្រាណច្រើនទើបរស់បានយូរ ហើយមហាសែនចចេសបំផុត បើអ្នកចិញ្ចឹមវាបានល្អ វាអាចមានអាយុពី ១០ ទៅ ១២ ឆ្នាំ។
២. សុនខអភិជន Löwchen មានតម្លៃ ១២ ០០០ ដុល្លារ
ពូជនេះមានឈ្មោះជាភាសាអាល្លឺម៉ង់ប្រែថា កូនតោតូច។ មានប្រវត្តិយូរលង់ និង នាំមកទីបេ ដោយមហាសេដ្ឋិនីរបស់អាល្លឺម៉ង់ មានតែអ្នកមានឋានៈខ្ពស់បំផុតទើបអាចចិញ្ចឹមពូជនេះបាន។ ជាប់ពានជាសុនខគួរឱ្យស្រឡាញ់ជាងគេលើលោក និង ស្ថិតក្នុងតារាងនៃពូជឆ្កែកម្រ ដែលទាមទារការអភិរក្ស។
១. សុនខរាជវង្ស Samoyed មានតម្លៃ ១៤ ០០០ ដុល្លារ
ពូជសុនខនេះ ត្រូវបានគាប់ព្រះទ័យដំបូងគេនៅសតវត្សរ៍ទី ១៨ ដោយព្រះរាជានៃប្រទេសដាណឺម៉ាក ហើយបើអ្នកចង់ចិញ្ចឹមពូជនេះ អ្នកត្រូបវបំពេញពាក្យសុំចិញ្ចឹម និង អាហារកិច្ច មួយឆ្នាំយ៉ាងហោចណាស់ក៏ ៥០០០ ដុល្លារដែរ ហើយអ្នកត្រូវការកិច្ចគាំពារច្រើនលើសុខមាលភាព និង ធានារ៉ាប់រងលើសត្វចិញ្ចឹមផងដែរ៕
ប្រភព៖ Prudentpet.com