អ្នកគាំទ្ររបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ច្បាស់ជាបានជ្រាបមកហើយថា ពេលនេះអ្នកនាងកំពុងតែនៅឯប្រទេសអូស្ត្រាលីជួបជុំក្រុមគ្រួសារ។ យ៉ាងណាមិញ បើទោះជានៅឆ្ងាយក៏ពិតមែន តែអ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបង្ហាញវត្តមានក្នុងការតវ៉ាស្វែងរកយុត្តិធម៌ និង ភាពស្អាតស្អំជាមួយនឹងបងប្អូនប្រជាជនខ្មែរនៅរដ្ឋ Melbourne ដែរ។

ជាការពិតណាស់ គិតត្រឹមម៉ោង ២៤:០០ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ បទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរវាងកម្ពុជា-ថៃ បានចូលជាធរមានហើយ តែយ៉ាងណាក៏ដោយជំនួយនៅក្នុងប្រទេសកម្ពុជា សម្រាប់ជួយដល់ជនភៀសសឹក និង កងកម្លាំងនៅតែបន្តមាន ដូច្នេះហើយ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បាន និង កំពុងប្រមូលថវិកាពីសប្បុរធម៌ទាំងក្នុង និង ក្រៅប្រទេស ជាពិសេស ប្រទេសអូស្ត្រាលីជូនដល់វីរកងទ័ពផងដែរ។

ជាក់ស្តែងនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ នេះ អ្នកនាង ឱក សុគន្ធកញ្ញា បានជម្រាបជូនថា៖ «នាងខ្ញុំពិតជាសូមអរគុណ ដល់ទឹកចិត្តដ៏សប្បុរសរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់ ទាំងក្នុង និង ក្រៅប្រទេសសម្រាប់ការចូលរួមមូលនិធិ ដើម្បីជួយដល់បងៗវីរកងទ័ពជួរមុខទាំងអស់។ បងប្អូននៅតែអាចបន្តចូលរួមបរិច្ចាគជាមួយនាងខ្ញុំតាមរយះ QR Code ខាងក្រោមនេះ!
បញ្ជាក់: នាងខ្ញុំ និង ក្រុមការងារ និង បន្តធ្វើបច្ចុប្បន្នភាព រាល់ការចូលរួមរបស់បងប្អូន នេះជាផ្នែកជំនួយពីការចូលរួមរបស់បងប្អូន នៅក្នុងស្រុក ចំពោះ បងប្អូននៅខាង ប្រទេសអូស្រ្តាលី នាងខ្ញុំ និង ធ្វើបច្ចុប្បន្នភាពបន្តជូនបងប្អូន»៕




