ថ្មីៗនេះ សារព័ត៌មាន Hk01 បានទម្លាយពីកន្លែងគេងលំហែអារម្មណ៍មួយថ្មីនៅប្រទេសចិន ដែលជាគ្រែស្ថិតនៅលើជ្រលងភ្នំកម្ពស់ ១៦០០ ម៉ែត្រ ត្រូវម៉ាច់ចំពោះអ្នកដែលចង់គេងកន្លែងប្លែកៗ ប្តូរបរិយាកាស។
កន្លែងគេងដ៏ថ្មីប្លែកមួយនេះ ស្ថិតនៅកន្លែងទេសចរណ៍ក្នុងឧទ្យានភ្នំ Mangshan ទីក្រុង Chenzhou ខេត្ត Hunan ប្រទេសចិន ដែលមានទេសភាពជ្រលងព្រៃភ្នំដ៏ស្រស់ស្អាតគួរឱ្យចង់ទស្សនា។ ចំណែកគ្រែនោះវិញ ត្រូវបានគេដាក់ភ្ជាប់នឹងជ្រលងភ្នំតែម្តង មានខ្នើយមានពូកមួយចប់សព្វគ្រប់ ដោយអ្នកទេសចរអាចទៅគេងគយគន់ទេសភាពជុំវិញបាន ប៉ុន្តែគេមិនអនុញ្ញាតឱ្យគេងពេញមួយយប់នោះទេ។
យ៉ាងណាមិញ អ្នកដែលឡើងទៅគេងបានត្រឹមមានទម្ងន់មិនលើសពី ១០០ គីឡូ កម្ពស់មិនទាបជាង ១៤០ សង់ទីម៉ែត្រ និង អាយុមិនលើសពី ៦០ ឆ្នាំ ហើយនៅពេលឡើងទៅគេងត្រូវពាក់ខ្សែការពារជានិច្ច។ ដោយឡែកសម្រាប់តម្លៃវិញ គឺប្រហែលជា ១៣ ដុល្លារក្នុងម្នាក់ ហើយកន្លងមកនេះ គឺមានភ្ញៀវទេសចរច្រើនណាស់ដែលបាននាំគ្នាឡើងទៅសាកគ្រែមួយនេះ៕
ប្រភព៖ Kapook