នៅរសៀលថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបង្ហោះសារបំភ្លឺពាក់ព័ន្ធនឹងការបង្ហោះកាលពីថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៥ កន្លងទៅ ដែលមានផេកមួយបង្ហោះថា «សូមប្រុងប្រយ័ត្ន តាមផ្លូវក្នុងខណ្ឌសែនសុខពេលយប់ អ្នកសិល្បៈត្រូវចោរប្លន់ច្រើន»។
ចំពោះរឿងនេះ ឯកឧត្តមបានឱ្យសមត្ថកិច្ចស្រាវជ្រាវ រកឃើញថាមិនមានករណីនេះកើតឡើងទេ ហើយអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបង្ហោះប្រាប់ឱ្យដឹងថា បើមានបញ្ហាសូមឱ្យមកប្ដឹងកន្លែងសមត្ថកិច្ចផងដែរ។
បន្ថែមលើសពីនេះ ឯកឧត្តមបានបញ្ជាក់នៅថ្ងៃនេះឱ្យដឹងថា ៖ «ចំពោះករណីខាងលើ គាត់យកម៉ូតូទៅលក់ខ្លួនឯង (បានលុយ ៩៣០ ដុល្លារ)ហើយកុហកក្រុមគ្រួសារថាត្រូវចោរប្លន់ បំពុលសង្គម តើត្រូវគិតយ៉ាងម៉េចវិញ? តើត្រូវឱ្យសមត្ថកិច្ចជួយអប់រំគាត់ ឬ ត្រូវចេញមុខបកស្រាយយ៉ាងណាជូនមហាជនដើម្បីជៀសវាងការភ័យខ្លាចដែលខ្លួនបានបំភ្លៃការពិតតាមផេកនោះ?»៕