និយាយពីតារាចម្រៀងស្រីក្នុងផលិតកម្មរស្មីហង្សមាសកញ្ញា យូរី ត្រូវបានចាត់ទុកជាតារាចម្រៀងដ៏ពេញនិយមមួយរូប មានសន្ទុះប្រជាប្រិយភាពខ្លាំង តាមរយៈស្នាដៃបទចម្រៀងថ្មីៗរបស់នាងសុទ្ធសឹងតែផ្ទុះការគាំទ្រ និង អង្រួនចិត្តមហាជនគ្រប់ស្រទាប់។
ចំពោះស្នាដៃបទចម្រៀង និង MV ផ្សេងៗ ជាពិសេសក្បាច់រាំភាគច្រើន តារាចម្រៀងស្រីរូបនេះ និយមចូលចិត្តបែបសប្បាយៗ មានស្ទីលលេងខ្លួនប្លែកៗឃ្យូតៗ ដែលតែងឆក់បានការគាំទ្រពេញចិត្តខ្លាំងទាំងមហាជនលើបណ្ដាញសង្គម និង មានទីផ្សារលើកម្មវិធីប្រគំតន្រ្តីផ្សេងៗ។
ក្រឡេកមើលជីវិតឯកជនវិញ តារាចម្រៀងស្រី យូរី បច្ចុប្បន្នចាត់ទុកជាតារាស្រីមានភាពជោគជ័យ និង រស់នៅជីវិតហាយសូរមិនធម្មតាដែរ ដោយតែងឃើញបង្ហាញសកម្មភាពឯកជន រស់ក្នុងផ្ទះធំទ្រនំខ្ពស់ ជិះរថយន្តទំនើបៗ ដើរកម្សាន្តទាំងក្នុង និង ក្រៅប្រទេស ចាយជីវិតនៅលីវយ៉ាងរីករាយ។
ដោយឡែក ស្របពេលមានជីវិតជោគជ័យនេះដែរ ថ្មីៗកន្លងទៅ តារាស្រី យូរី ក៏បានទម្លាយនូវរឿងរ៉ាវស្ដាយក្រោយក្នុងជីវិតទាំងអួលដើម-កពីក្រោយភាពរឹងមាំរបស់នាង ដែលរៀបរាប់ឱ្យដឹងថា សព្វថ្ងៃនាងមានជីវិតជោគជ័យមែន ប៉ុន្តែបែរជាខ្វះភាពកក់ក្ដៅ ព្រោះមិនមានជីវិតគ្រួសារពេញលេញ ខណៈលែងមានវត្តមានរបស់អ្នកម្ដាយជាទីស្រឡាញ់នៅជិតដូចមុនទៀត។ ក្នុងនោះ យូរី ក៏បានបង្ហាញពីអារម្មណ៍ពិត បើអាចត្រឡប់ពេលវេលាថយក្រោយបាន នាងសុំរស់ក្នុងជីវិតបែបសាមញ្ញបំផុត គ្មានលុយកាក់ គ្មានភាពល្បីល្បាញក៏បាន ឱ្យតែមានគ្រួសារមួយកក់ក្ដៅ និង ចំណាយពេលជាមួយគ្រួសារឱ្យបានច្រើន៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖