តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន The Nation ប្រទេសថៃ បានឱ្យដឹងថា នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ NACC ដែលជាគណៈកម្មការជាតិប្រឆាំងអំពើពុករលួយរបស់ថៃ បានឯកភាពគ្នាជាឯកច្ឆន្ទ ដើម្បីចាប់ផ្ដើមការស៊ើបអង្កេតបឋមលើការបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra និង ប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
ក្នុងនោះ NACC ថៃ បានកំណត់កាលបរិច្ឆេទរយៈពេល ១០ ថ្ងៃ ដើម្បីបញ្ចប់ការស៊ើបអង្កេតបឋម ហើយនីតិវិធីស៊ើបអង្កេតនេះ នឹងរួមមានបញ្ចូលទាំងការបំប្លែងខ្សែអាត់សំឡេងទៅជាលាយលក្ខណ៍អក្សរ និង ការផ្ទៀងផ្ទាត់ការបកប្រែសំឡេងសន្ទនាពីខ្មែរទៅថៃ ក៏ដូចជាសួរចម្លើយដែលអ្នកជាប់ពាក់ព័ន្ធ និង ត្រួតពិនិត្យលើច្បាប់ដែលអាចនឹងត្រូវអនុវត្ត បន្ទាប់ពីគណៈកម្មការជឿថា មាតិកាមួយចំនួននៅក្នុងកិច្ចសន្ទនានោះ ប្រហែលជារំលោភបំពានលើស្ដង់ដារក្រមសីលធម៌ ជាពិសេសពាក់ព័ន្ធទៅនឹងការលើកឡើងជុំវិញភាពតានតឹងនៅតាមបណ្ដោយព្រំដែនរវាង កម្ពុជា និង ថៃ។
បន្ថែមលើសពីនេះ តាមប្រភពព័ត៌មាន គណៈកម្មការជាតិប្រឆាំងអំពើពុករលួយរបស់ថៃ ក៏នឹងត្រួតពិនិត្យផងដែរថាតើតុលាការធម្មនុញ្ញទទួល ឬ មិនទទួលយកញត្តិរបស់សមាជិកព្រឹទ្ធសភាមួយក្រុមដែលទាមទារឱ្យទម្លាក់លោកស្រី Paetongtarn ចេញពីតំណែងដែរឬក៏យ៉ាងណា? ប្រសិនបើការស៊ើបអង្កេតបឋមរកឃើញថាមានភស្តុតាងគ្រប់គ្រាន់ នោះករណីរបស់លោកស្រី Paetongtarn នឹងត្រូវបញ្ជូនទៅឱ្យគណៈគ្រប់គ្រងរបស់ NACC ស៊ើបអង្កេតជាផ្លូវការ ហើយបើចាំបាច់ ការស៊ើបអង្កេតពេញលេញមួយរបស់ NACC អាចនឹងត្រូវធ្វើឡើង៕
ប្រភព ៖ Fresh News