នៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០២៥ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានជូនដំណឹង អំពីការស្នើសូមបញ្ឈប់សកម្មភាពបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដោយនាពេលថ្មីៗនេះ នៅលើបណ្តាញសង្គម មានយុវជនមួយចំនួន បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ នៅតាមដងផ្លូវ ជាការដកបង្គោលផ្លូវ ដែលសកម្មភាពទាំងនេះជាអំពើល្មើសនឹងច្បាប់ ទាមទារឱ្យមានវិធានការទប់ស្កាត់ជាបន្ទាន់។
ក្នុងនោះ ក្រសួងសាធារណការ និង ដឹកជញ្ជូន ក៏បានលើកឡើងពីច្បាប់ដែលពាក់ព័ន្ធឱ្យដឹងថា យោងតាមក្រមព្រហ្មទណ្ឌ មាត្រា ៤១១ បានចែងថា ៖ កាលបើបទល្មើសនេះ បានប្រព្រឹត្តនាំឱ្យខូចប្រយោជន៍សំណង់គ្រឹះស្ថានសាធារណៈ ឬ ផ្លូវសាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និង ពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១០ លានរៀល។
គួរឱ្យដឹងដែរថា នាពេលថ្មីៗនេះ មានយុវតីមួយចំនួនបាននាំគ្នាទៅអង្គុយថតរូបនៅទីតាំងបង្គោលផ្លូវ ទើបធ្វើឱ្យយុវជនជ្រុលនិយមមួយចំនួន បាននាំគ្នាបញ្ចេញសកម្មភាពដកបង្គោលផ្លូវ និង ខ្លះទៀតយកម៉ូតូអូសបង្គោលផ្លូវ ដែលសកម្មភាពទាំងនេះខុសជាមួយនឹងច្បាប់ទាំងស្រុងតែម្ដង៕