នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ ក្រសួងបរិស្ថាន បានសម្ដែងការសោកស្ដាយ និង ជូនដំណឹងពីករណីគ្រួសារ ២ នាក់ ប្តីប្រពន្ធ ត្រូវបានគេប្រទះឃើញស្លាប់រួមគ្នា នៅក្រោមដើមសំរ៉ង ក្រោយពេលដែលពួកគេបានកាប់ដើម្បីប្រមូលយកផ្លែទៅលក់ នៅក្នុងតំបន់ព្រៃ ក្នុងភូមិសាស្រ្តស្រុកបូទុមសាគរ ខេត្តកោះកុង។
ទាក់ទិនទៅនឹងករណីនេះ លោកវរៈសេនីយ៍ទោ យួត ហេងប៊ុនម៉ា អធិការនគរបាលស្រុកបូទូមសាគរ ខេត្តកោះកុង បានឱ្យដឹងថា ក្រោយពីបាត់ដំណឹងជាច្រើនថ្ងៃ សាច់ញាតិមិនទទួលបានដំណឹងអ្វីសោះពីគ្រួសារប្តីប្រពន្ធទាំង ២ នាក់ ស្រាប់តែនៅវេលាយប់ម៉ោង ៧:៥២ នាទី ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២៥ សមត្ថកិច្ចបានរកឃើញសាកសពប្តីប្រពន្ធទាំង ២ នាក់ ត្រូវដើមសំរ៉ងរលំសង្កត់ពីលើ នៅកន្លែងដែលពួកគេបានកាប់ដើមសំរ៉ងដើម្បីប្រមូលផលផ្លែវា នៅត្រង់ចំណុចភ្នំកំពង់ប្លូ ស្ថិតនៅភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង។
ក្រោយពិនិត្យសាកសពរួច សមត្ថកិច្ចបានប្រគល់សាកសពទាំងពីរនាក់ប្រពន្ធ ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ខណៈរបាយការណ៍របស់សមត្ថកិច្ច បានបង្ហាញថា នៅឆ្នាំ ២០២៥ នេះ មានករណីកាប់ដើមសំរ៉ងហើយបណ្តាលឱ្យបាក់សង្កត់លើមនុស្សស្លាប់ចំនួន ៣ ករណី ស្លាប់មនុស្ស ៤ នាក់ នៅក្នុងខេត្តកោះកុង។
ក្នុងនោះផងដែរ ក្រសួងបរិស្ថាន ក៏បានសម្ដែងការសោកស្តាយជាខ្លាំង ក្រោយទទួលដំណឹងមរណភាពរបស់ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធ ដែលទទួលមរណភាពដោយសារឧបទ្ទវហេតុដើមឈើរលំសង្កត់នៅក្នុងព្រៃ និង សូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារជនរងគ្រោះខាងលើ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានក្រើនរំឭកបន្ថែមទៀតចំពោះករណីកាប់ដើមសំរ៉ង ជាអំពើល្មើសច្បាប់ អាចធ្វើឱ្យបាត់បង់ប្រភេទជីវៈចម្រុះ ដែលផ្តល់ប្រយោជន៍ដល់បរិស្ថាន និង តម្លៃសេដ្ឋកិច្ចមូលដ្ឋាន ដ៏សំខាន់សម្រាប់កូនចៅតទៅអនគត៕
ប្រភព ៖ Ministry Of Environment