បើគិតមកដល់ពេលនេះ រយៈពេល ២ ខែ មកហើយ នៃមរណភាពរបស់តារាចម្រៀងរ៉េបល្បីឈ្មោះ លោក RuthKo ដែលលោកបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីយប់រំលងអធ្រាត្រថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២៥ កន្លងទៅ។
ក្នុងនោះ ការចាកចេញគ្មានថ្ងៃត្រឡប់របស់លោក RuthKo នៅតែបន្សល់ទុកការអាឡោះអាល័យ និង នឹករឭកយ៉ាងខ្លាំងចំពោះតារាចម្រៀងរ៉េបរូបនេះ បើទោះរាងកាយរបស់លោកលែងមាននៅលើលោកនេះទៀតហើយក្តី។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្រោយមរណភាពរបស់លោក RuthKo ផលិតកម្ម Klabyahandz ក៏បានបញ្ចេញចម្រៀងមួយរបស់លោក RuthKo ដែលបានផលិតកាលនៅមានជីវិត តែមិនទាន់បានបញ្ចេញនៅឡើយ ម្ចាស់បទក៏ចាកចេញទៅ ដោយបទនោះមានចំណងជើងថា «រស់នៅឱ្យសប្បាយ (Live It Up)»។ ចម្រៀងនេះ បានធ្វើឱ្យអ្នកគាំទ្រស្តាប់ហើយ ពិតជាក្តុកក្តួលយ៉ាងខ្លាំង ខណៈបានឮតែសំឡេង ប៉ុន្តែលែងមានរូបកាយលោកទៀតហើយនោះ។
ដោយឡែក កាលពីថ្ងៃទី ០៦ ខែមីនា ឆ្នាំ ២០២៥ កន្លងទៅ ពោលគឺរយៈពេល ២ ខែគត់ នៃការចាកចេញរបស់លោក RuthKo អ្វីកាន់តែធ្វើឱ្យអ្នកគាំទ្រកាន់តែភ្ញាក់ផ្អើលនោះ លោក វុទ្ធា បានបញ្ចេញ Poster និង បង្ហោះចម្រៀងខ្លីរបស់លោក ដែលបានផលិតរួមគ្នាចុងក្រោយនឹងលោក RuthKo សម្រាប់ឱកាសចូលឆ្នាំខ្មែរមានចំណងជើងថា «នារីកំណាន់»។
ក្នុងនោះ លោក វុទ្ធា បានរៀបរាប់ថា៖ «ខ្ញុំបានប្រាប់រួចហើយថា “Live it up” មិនមែនជាបទចុងក្រោយរបស់គាត់ទេ។ នារីកំណាន់ (Favorite girl) – RuthKo ft. Vuthea»៕
សូមចុចទីនេះ ដើម្បីទស្សនាវីដេអូ៖