ក្ដៅដូចបាយពុះ! អ្នកគាំទ្រផ្ទុះប្រតិកម្ម ពេលប្រទះឃើញរូប Rosé ត្រូវកាត់តជានារីលក់សេវាកម្ម ក្នុងរឿងភាគចិនមួយ
ថ្មីៗនេះ រឿងភាគចិនមួយត្រូវបានមហាជនអ្នកទស្សនាជាច្រើនបានផ្ទុះការចាប់អារម្មណ៍ និង មានការប្រតិកម្មជាខ្លាំង ក្រោយបានឃើញមានភាពមិនប្រក្រតីមួយលេចឡើងនៅក្នុងរឿងភាគមួយនោះ។ រឿងនោះមានចំណងជើងជាភាសាអង់គ្លេសថា «Justice in the Dark» ដោយនៅត្រង់វគ្គបានចាក់ផ្សាយក្នុងឈុតមួយ មានបុរសពីរនាក់កំពុងជ្រើសរើសក្មេងស្រីដែលរកស៊ីផ្លូវភេទសម្រាប់ទៅរួមភេទជាមួយពួកគេ។
រឿងនេះបានធ្វើឱ្យអ្នកគាំទ្រវិស័យ K-Pop ជាច្រើនផ្ទុះការចាប់អារម្មណ៍ ក្រោយឃើញរូបភាពរបស់ Rosé ដែលជាសមាជិកប្រចាំក្រុម BlackPink ត្រូវបានគេយកទៅប្រើប្រាស់ជាស្រ្តីដែលរកស៊ីផ្លូវភេទ ដោយគ្មានទំនួលខុសត្រូវពីខាងក្រុមការងារទាល់តែសោះ។
បន្ទាប់ពីបានឃើញហើយ មានមហាជនអ្នកទស្សនាដែលកំពុងផ្ទុះប្រតិកម្មមួយ ក្នុងចំណោមអ្នកប្រតិកម្មជាច្រើននាក់ បានយកទៅបង្ហោះចូលទៅក្នុងបណ្ដាញសង្គម Weibo ដោយភ្ជាប់ជាមួយនឹង Caption ថា ៖ «ហួសចិត្តណាស់… រូបថតរបស់នាង (សំដៅលើរូបរបស់ Rosé) ត្រូវបានយកទៅព្រីនបង្ហាញក្នុងរឿងភាគ ជាអ្នករកស៊ីផ្លូវភេទ។ តើនេះវាសមទេ»?
អ្នកនិយមលេងអ៊ីនធឺណែត ព្រមទាំងអ្នកគាំទ្របានផ្ទុះកំហឹង និង ខឹងសម្បាជាខ្លាំងចំពោះបញ្ហានេះពេញបណ្ដាញសង្គម Weibo។ ដោយឡែក បើក្រឡេកទៅមើលក្រុមការងាររបស់រឿង «Justice in the Dark» ឯណោះវិញ ដំបូងឡើយមិនបានដោះស្រាយបញ្ហានេះទេ ប៉ុន្តែគ្រាន់តែលុបឈុតនោះជំនួសឈុតថ្មីវិញ ដោយខាងក្រុមផលិតករគ្រាន់តែបានចេញសារសុំទោសចំពោះកំហុសមួយនេះតែប៉ុណ្ណោះ៕