ស្របពេលប្រទេសជាតិកំពុងរងការឈ្លានពានតាមព្រំដែន ដែលកងទ័ពថៃបានបាញ់មកខ្មែរមុន និង កងទ័ពខ្មែរកំពុងវាយបកការឈ្លានពានទៅកាន់ភាគីថៃវិញនៅព្រឹកថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៥ នោះ ឃើញថាប្រជាជនខ្មែរលើបណ្ដាញសង្គមទូទាំងប្រទេស កំពុងបង្ហោះចែករំលែកបង្ហាញការបួងសួងដល់បារមីវត្ថុស័ក្ដិសិទ្ធិ តាមជួយថែរក្សារដល់បងប្អូនកងទ័ពខ្មែរជួរមុខឱ្យមានសុវត្ថិភាពជាបន្តបន្ទាប់។

ក្នុងនោះ ក្រឡេកទៅមើលក្នុងសង្គមសិល្បៈក៏ដូចគ្នា ក៏មានសិល្បករសិល្បការិនីជាច្រើនបាន និង កំពុង បួងសួងដល់វត្ថុស័ក្ដិសិទ្ធិជួយតាមថែរក្សាកងទ័ពខ្មែរទាំងអស់នៅតាមព្រំដែនឱ្យមានសុខសុវត្ថិភាព។

ងាកមកកាន់តារាចម្រៀងរ៉េប វណ្ណដា ដែលកំពុងមានកាតព្វកិច្ចនៅឯសហរដ្ឋអាមេរិកឯណោះវិញ ហាក់មានអារម្មណ៍មិនស្ងប់ឡើយ គឺនឹកបារម្ភដល់ប្រទេសជាតិដូចគ្នា ដោយលោកបានបង្ហោះសារបួងសួងបារមីវត្ថុស័ក្តិសិទ្ធិ និងបុព្វបុរសដូនតាខ្មែរ ជួយឃុំគ្រង ការពារថែរក្សា ដល់បងប្អូនកងទ័ព។

លោក វណ្ណដា បានរៀបរាប់ថា៖ «សូមបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិក្នុងលោកទាំងអស់ និងបុព្វបុរសដូនតាខ្មែរគ្រប់ជំនាន់ ជួយឃុំគ្រង ការពារថែរក្សា ដល់បងប្អូនកងទ័ពជួរមុខប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នា»៕




