នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៥ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីបំភ្លឺព័ត៌មាន ករណីមន្ទីរសម្រាកព្យាបាលមេត្តាសំណង់ ១២ ដែលបានព្យាបាលអ្នកជំងឺជាកុមារ ភេទប្រុស អាយុ ៨ ខែ ទម្ងន់ ១១.៣គីឡូក្រាម ស្ថិតនៅផ្ទះលេខ ២៦៥ ផ្លូវលេខ ៦៤៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមរយៈការបំភ្លឺបានឱ្យដឹងថា ករណីកុមារជាអ្នកជំងឺភេទប្រុស អាយុ ៨ ខែ ពិតជាបានចូលមកព្យាបាលនៅមន្ទីរសម្រាកព្យាបាលមេត្តា សំណង់ ១២ ជាមួយរោគសញ្ញាក្តៅខ្លួនមិនធូរស្បើយ។ ឪពុកម្តាយកុមារបាននាំកូនទៅទទួលការព្យាបាលនៅទីតាំងនេះ នៅថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ១៦:០០ នាទី គ្រូពេទ្យបានពិនិត្យឃើញថាកុមារមានជំងឺគ្រុនឈាម។ លុះព្រលឹមថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៥ កុមារមានអាការៈ ស្វាយមុខ-មាត់ និង ដង្ហើមដង្ហក់ខ្លាំង ក៏ត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យគន្ធបុប្ផាទី ៤ វេលាម៉ោង ៧: ៣០ នាទីព្រឹក។
ក្នុងនោះ កុមារជាអ្នកជំងឺបានទៅដល់មន្ទីរពេទ្យគន្ធបុប្ផាទី៤ នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង ៧:៣០ នាទីព្រឹក ក្រុមគ្រូពេទ្យជំនាញមន្ទីរពេទ្យគន្ធបុប្ផាបានព្យាយាមជួយសង្គ្រោះអ្នកជំងឺតាមនិយាមបច្ចេកទេសអស់រយៈពេល ២០ នាទី ប៉ុន្តែគួរឱ្យសោកស្តាយមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ដោយបានទទួលមរណៈភាពក្នុងរោគវិនិច្ឆ័យ៖ «កុមារស្លាប់ពេលមកដល់មន្ទីរពេទ្យ/ Death On Arrival (Entrant Mort)»។
ខាងមន្ទីរបានឱ្យដឹងទៀតថា ដោយទីតាំងផ្តល់សេវាខាងលើកំពុងដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល ក៏ប៉ុន្តែពុំទាន់ទទួលបានការអនុញ្ញាតជាផ្លូវការនៅឡើយ ហេតុនេះមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធររដ្ឋបាលខណ្ឌទួលគោក បានចេញសេចក្តីសម្រេចស្តីពីការបិទទីតាំងផ្តល់សេវាដែលមានឈ្មោះ «មន្ទីរសម្រាកព្យាបាល មេត្តាសំណង់១២» ដោយមូលហេតុទីតាំងនេះពុំទាន់មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល៕