យោងតាមគេហទំព័រ សមាគមឧកញ៉ាកម្ពុជា លោកអ្នកឧកញ៉ា លី យ៉ុងផាត់ មានតួនាទីជាប្រធានសមាគមឧកញ៉ាកម្ពុជា។ លោកអ្នកឧកញ៉ាជាជនជាតិខ្មែរ ដែលកើតក្នុងឆ្នាំ ១៩៥៨ នៅខេត្តកោះកុង និង មានភរិយាឈ្មោះ លោកជំទាវអ្នកឧកញ៉ា គីម ហ៊ាង និង មានកូនប្រុសស្រីចំនួន ៥ នាក់។
លោកអ្នកឧកញ៉ា មានទេពកោសល្យក្នុងការប្រកបអាជីវកម្មតាំងពីវ័យក្មេងរហូតបានក្លាយជាពាណិជ្ជករមួយរូបក្នុងអំឡុងទសវត្សរ៍ ១៩៨០ ។ ក្រោយប្រទេសមានសុខសន្តិភាពពេញលេញ និង បានអនុវត្តរបបទីផ្សារសេរី លោកអ្នកឧកញ៉ាក៏បានចាប់ផ្តើមចូលប្រឡូកក្នុងវិស័យជំនួញជាច្រើន ជាពិសេសចាប់តាំងពីឆ្នាំ ១៩៩៥ និង បានទទួលជោគជ័យជាបន្តបន្ទាប់រហូតមក ព្រមទាំងបានបង្កើតឡើងនូវសម្ព័ន្ធក្រុមហ៊ុន អិល.វ៉ាយ.ភី គ្រុប (L.Y.P. Group Co., Ltd.)។
ក្រុមហ៊ុន អិល.វ៉ាយ.ភី គ្រុប បានវិវត្តន៍ក្លាយជាក្រុមហ៊ុនដ៏ធំ និង ប្រកបដោយសក្តានុពល ហើយកំពុងវិនិយោគលើពហុវិស័យដូចជា៖ វិស័យថាមពលរួមមានវារីអគ្គីសនី និង ការផ្គត់ផ្គង់សេវាអគ្គិសនី, ផ្គត់ផ្គង់ទឹកស្អាត, វិស័យទេសចរណ៍ និង បដិសណ្ឋារកិច្ច ដោយមាននូវសណ្ឋាគារ កន្លែងកម្សាន្ត ទីលានវាយកូនហ្គោល សួនទឹក សួនសត្វ ផ្សារលក់រាយ និង បោះដុំ ក៏ដូចជាហាងលក់ទំនិញលើកលែងពន្ធ, វិស័យកសិកម្មនិងកសិ-ឧស្សាហកម្មមានដូចជា ចម្ការកៅស៊ូ ចម្ការអំពៅ និង រោងចក្រផលិតស្ករស, ព្រមទាំងវិស័យព័ត៌មានដូចជាស្ថានីយទូរទស្សន៍ និង ក្នុងវិស័យសេវាកម្ម ដែលមានតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តកោះកុងជាដើម។ ទន្ទឹមនឹងនេះ លោកអ្នកឧកញ៉ាក៏ជាសមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ក្នុងរយៈពេលជាច្រើនឆ្នាំមក លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមកម្ពុជាដោយបានបរិច្ចាគទ្រព្យធនជាច្រើន ព្រមទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និង ពេលវេលាជាមួយរាជរដ្ឋាភិបាលកម្ពុជា និង បណ្តាស្ថាប័នមនុស្សធម៌ជាច្រើនទៀតដូចជាកាកបាទក្រហមកម្ពុជា មន្ទីរពេទ្យកុមារគន្ធបុប្ផា មន្ទីរពេទ្យហ្លួងម៉ែ សកម្មភាពកម្ចាត់មីន និង យុទ្ធភណ្ឌមិនទាន់ផ្ទុះ មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន រួមទាំងសកម្មភាពសប្បុរិសធម៌ជាច្រើនទៀត ដូចជាការចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធនានា ទាំងក្នុងផ្នែកពុទ្ធចក្រ និង អាណាចក្ររហូតទទួលបានការគោរព ការកោតសរសើរ និង ផ្តល់តម្លៃពីគ្រប់មជ្ឈដ្ឋាន ថែមទាំងទទួលបាននូវគ្រឿងឥស្សរិយយសជាច្រើន ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគ្រឿងឥស្សរិយយសថ្នាក់កំពូល «ជាតូបការ» ដែលប្រោសព្រះរាជទានដោយព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕