ទង្វើល្អមិនសាបសូន្យ ! បុរសម្នាក់រស់រានមានជីវិតវិញ ដោយសារអំពើល្អកាលពី ១១ ឆ្នាំមុនចំពោះក្មេងស្រីម្នាក់ !
បុរសម្នាក់ធ្លាប់បានជួយឧបត្ថម្ភការសិក្សារបស់ក្មេងស្រីម្នាក់កាលពី ១១ ឆ្នាំមុន ហើយស្រាប់តែកាលពីពេលថ្មីៗនេះ គាត់ក៏មានបញ្ហាសន្លប់ និង ត្រូវបានបញ្ជូនមកមន្ទីរពេទ្យ ចៃដន្យក្មេងស្រីខាងលើមានធ្វើការក្នុងមន្ទីរពេទ្យនោះដែរ ទើបនាងបានព្យាយាមជួយសង្គ្រោះជីវិតអ្នកមានគុណនាងរហូតបានជោគជ័យ ។ យ៉ាងណាមិញចំពោះរឿងរ៉ាវខាងលើ បានធ្វើឱ្យមនុស្សជាច្រើនចាប់អារម្មណ៍ខ្លាំង និង ប្រៀបប្រដូចទៅនៅក្នុងរឿងយ៉ាងដូច្នេះដែរ ។
ប្រភពព័ត៌មានបានឱ្យដឹងថា កាលពី ១១ ឆ្នាំមុន ពោលគឺកាលពីឆ្នាំ ២០០៨ បុរសម្នាក់នេះមានឈ្មោះ Zheng Hua បានជួយក្មេងស្រីម្នាក់ឈ្មោះ Tam Ling បន្ទាប់ពីនាង និង គ្រួសារត្រូវបានវាយប្រហារដោយការរញ្ជួយដីដ៏ធំមួយដែលមានកម្លាំង ៧.៩ វុិចទ័រ ។ ដោយមិនអាចមានលទ្ធភាពជួសជុលលំនៅដ្ឋានបាននោះ នាង Ling និង គ្រួសារក៏ត្រូវបង្ខំចិត្តទៅសុំជ្រកជាមួយផ្ទះអ្នកជិតខាង ទើបលោក Zheng Hua បានស្ម័គ្រចិត្តជួយផ្គត់ផ្គង់ សូម្បីតែការសិក្សាក៏លោកជួយដែរ ។
រយៈពេល ១១ ឆ្នាំ ក្រោយមក នាង Ling បានធ្វើការឱ្យមន្ទីរពេទ្យមួយកន្លែង ហើយមន្ទីរពេទ្យនោះហើយដែលលោក Zheng Hua បានទៅសម្រាកព្យាបាលជំងឺសរសៃឈាមខួរក្បាលរបស់គាត់ ។ ក្រោយមកនាង Ling ក៏បានដឹងថា បុរសម្នាក់នេះគឺជាអ្នកធ្លាប់មានគុណរបស់នាង នាងក៏បានចាត់ចែងការវះកាត់ ចុះហត្ថលេខាលើឯកសារ ហើយថែមទាំងកំដរគាត់អំឡុងពេលនៅសម្រាកក្នុងមន្ទីរពេទ្យទៀតផង៕
ដោយ៖ ម៉ានី
ប្រភព៖ nextshark