និយាយពីការផ្ដើមមូលនិធិរបស់លោក Peypey Dy ដើម្បីចូលរួមជួយជាជំនួយដល់បងប្អូនកងទ័ពជួរមុខ និង គ្រួសារភៀសសឹកតាមព្រំដែន កន្លងមកមហាជនកម្ពុជាបានដឹងហើយថាត្រឹមរយៈពេលជាង ១ សប្ដាហ៍ លោកទទួលបានថវិកាពីមហាជន និង សប្បុរសជនកម្ពុជារហូតជិត ១ លានដុល្លារ។
ចំពោះថវិកាមូលនិធិទទួលបាននេះដែរ លោក Peypey Dy បានបង្ហាញសកម្មភាពយ៉ាងសកម្មជាមួយក្រុមការងារ ដើម្បីចាត់ចែងរៀបចំជាស្បៀងអាហារ សម្ភារៈផ្សេងៗ ព្រមទាំងថវិកា ចុះទៅជួយដល់បងៗកងទ័ពជួរមុខ និង គ្រួសារភៀសសឹកតាមតំបន់នីមួយៗជាបន្តបន្ទាប់។ ក្រៅពីចែកជូនអំណោយដល់បងៗកងទ័ព និង គ្រួសារភៀសសឹក លោកក៏បានរៀបចំជាអំណោយ និង ថវិកា បន្តដំណើរទៅជួយគ្រួសារវីរកងទ័ពពលីផងដែរ។
យ៉ាងណាមិញ ស្របពេលចាត់ចែងថវិកាក្នុងមូលនិធី ព្រមទាំងថវិកាផ្ទាល់ខ្លួន ដោយបង្ហាញសកម្មភាពចុះជួយបងប្អូនសឹងគ្មានថ្ងៃសម្រាកនេះដែរ ក៏បានឃើញលោក Peypey Dy ឆ្លៀតបង្ហោះសារបកស្រាយ និង បញ្ជាក់អះអាងម្ដងហើយម្ដងទៀតជុំវិញការចាត់ចែងថវិការបស់សប្បុរសជនឱ្យមានប្រយោជន៍បំផុត ក្រោយទទួលរងពាក្យពេចន៍វែកញែកខ្លះពីមហាជនមួយចំនួនទាក់ទងនឹងការចាត់ចែកថវិកានេះ។
លើសពីនេះ Peypey Dy ក៏បានបង្ហោះសារមួយហាក់ចង់អស់ទឹកចិត្តនឹងបន្តដំណើរជួយជំនួយ ដែលលោកបានពោលថាចេញមុខរកជំនួយលើកទី ១ មិនស្មានក្លាយជាអម្រែកដ៏ធ្ងន់រហូតធ្វើឱ្យលោកចង់រាងចាល។
សារនោះ លោក Peypey Dy បានរៀបរាប់ថា ៖ «ខ្ញុំអត់ទាន់មានពេលរៀបរាប់ថាខ្ញុំបានធ្វើអីខ្លះទេ ហើយខ្ញុំម្នាក់ឯងក៏មិនអាចបែងភាគបានដែរ តែខ្ញុំបានបែងចែកជំនួយឱ្យគេជួយចាត់ចែងទៅតាមតំបន់ច្រើនណាស់ ពេលខ្លះមុនចង់រៀបរាប់ទេ ព្រោះខ្ញុំស្អាតស្អំ តែនិយាយត្រង់ខ្ញុំមានសម្ពាធណាស់ ហត់ទេ ហត់ណាស់ រអ៊ូបានទេ? គឺអត់ទេ ក្រែងស្ម័គ្រចិត្តធ្វើ អ៊ីចឹងត្រូវតែទ្រាំ មិនស្គាល់បណ្តាញទេ ព្យាយាមណាស់ទាក់ទងទៅរកគេតាមដែលអាចធ្វើបាន ជួយទៅខាងនេះ មិនទាន់ដល់ខាងនោះក៏ត្រូវគេថាតើយកជំនួយទៅណា? ប្រឹងឱ្យដល់មុខ តែគេឱ្យទៅត្រឹមហ្នឹង កន្លែងខ្លះគេថាមិនទាន់មានសុវត្ថិភាព ក៏នៅតែទៅ ទៅទាំងភ័យ ព្រោះចង់ឱ្យដល់ជួរមុខ តើប្រថុយទេ? លើកទីមួយដែលចេញមុខរកជំនួយ មិនស្មានថាក្លាយជាអម្រែកដ៏ធ្ងន់ ខ្ញុំពិតជារាងចាលហើយ»៕