ជីវិត Bee Namthip អាយុ ៣៨ ឆ្នាំហើយ ប៉ះតែស្នេហាវិលក្បុង ធ្លាប់បែកសង្សារ ៤ នាក់
តារាស្រី Bee Namthip ជាតារាសម្តែងស្រីជួរមុខលំដាប់ប្រទេស និង ទទួលបានប្រជាប្រិយភាពមិនតិចជាងតារាស្រីជួរមុខផ្សេងៗនោះទេ ។ ដោយឡែក បើងាកទៅមើលពីជីវិតឯកជនរបស់នាងពេលនេះវិញ ក៏កំពុងតែរីករាយ និង មានក្តីសុខយ៉ាងខ្លាំង។ ទោះបីជាពេលនេះមិនសូវឃើញវត្តមាននាង នៅក្នុងការងារសិល្បៈច្រើនក៏ដោយ តែនាងនៅតែទទួលបានការគាំទ្រពីសំណាក់មហាជនដដែលដែរ ។
លើសពីនេះទៅទៀត បើនិយាយពីជីវិតស្នេហារបស់តារាស្រីរូបនេះវិញ មកទល់អាយុ ៣៨ ឆ្នាំហើយ នាងនៅមិនទាន់រកកោះរកត្រើយយ៉ាងច្បាស់លាស់ ជាមួយបុរសណាម្នាក់នោះទេ។ ជាក់ស្តែង នាងធ្លាប់បានឆ្លងកាត់ជីវិតស្នេហាជាមួយនឹងបុរស ៤ នាក់នាពេលកន្លងមក ប៉ុន្ដែសុទ្ធតែមិនសមបំណង ពោលគឺមិនបានដឹកដៃគ្នាចូលរោងជ័យឡើយ។ បុរសទាំង ៤ នាក់នោះរួមមាន ៖
១. តារាស្រី Bee Namthip និង Kelly Thanapat
តារាប្រុស Kelly Thanapat ជាមនុស្សម្នាក់ដែលមានទំនាក់ទំនងស្នេហាយ៉ាងស្អិតរមួតជាមួយតារាស្រីនាង Bee Namthip អស់រយៈពេលជាង ៥ ឆ្នាំ ហើយអ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមនៅលើបណ្តាញសង្គមជារឿយៗ។ មិនតែប៉ុណ្ណោះ ថែមទាំងបើកចំហទំនាក់ទំនងជាមួយគ្នា ជាសាធារណៈនៅចំពោះមុខមហាជនថែមទៀតផង។ តែចុងក្រោយ អ្នកទាំងពីរក៏នៅតែគេចមិនផុតពីចំណងស្នេហ៍បែកបាក់នោះទេ ដោយសារតែការមិនចុះសម្រុងនឹងគ្នា ។
២. តារាស្រី Bee Namthip និង លោក ហាយសូ Him
ដោយឡែក ហាយសូ Him ក៏ជាបុរសម្នាក់ធ្លាប់បានភ្ជាប់ទំនាក់ទំនងស្នេហាជាមួយតារាស្រី Bee Namthip អស់រយៈពេលជាង ៨ ឆ្នាំផងដែរ តែចុងក្រោយស្នេហារបស់អ្នកទាំងពីរក៏បានបញ្ចប់ទៅវិញ ដោយស្ងៀមស្ងាត់ស្ទើរតែគ្មានអ្នកដឹង ។
៣.តារាស្រី Bee Namthip និង លោក Film Thanapat
ចំពោះលោក Film និង Bee Namthip អ្នកទាំងពីរក៏ធ្លាប់ធ្លាយព័ត៌មានថា បានសាងទំនាក់ទំនងស្នេហ៍ជាមួយគ្នា ពោលគឺបន្ទាប់ពីបានចាប់ដៃគូគ្នា សម្តែងរឿងជាមួយគ្នាមក។ តែទោះជាយ៉ាងណា ចុងក្រោយទំនាក់ទំនងរបស់អ្នកទាំងពីរហាក់បីដូចជាត្រូវបានរសាយបាត់ទាំងស្ងៀមស្ងាត់ទៅវិញ ។
៤. តារាស្រី Bee Namthip និង លោក Fluke_Yarra
ចំណែកហាយសូ Fluke និង តារាស្រីនាង Bee Namthip វិញ អ្នកទាំងពីរធ្លាប់បែកធ្លាយព័ត៌មានផ្តើមទំនាក់ទំនងគ្នាយ៉ាងស្ងៀមស្ងាត់ ប៉ុន្ដែបែរជាតារាស្រី Bee Namthip ត្រូវទទួលរងការរិះគន់យ៉ាងស្ពឹកមុខ ពីសំណាក់មហាជនទៅវិញ ដោយចោទនាងថា នាងជាជនទី ៣ បំបែកប្តីគេ ទាំងដែលប្រពន្ធដើមគេកំពុងតែកូនខ្ចីទៀតផង។ យ៉ាងណាមិញ ជុំវិញរឿងរ៉ាវដ៏ក្តៅគគុករបស់អ្នកទាំងពីរនាពេលនោះ ឃើញថា ខាងប្រុសក៏បានចេញមុខបកស្រាយរួចមកហើយដែរថា លោកបានលែងលះប្រពន្ធដើមរួចហើយ មុននឹងលោកផ្តើមទំនាក់ទំនងជាតារាស្រី Bee Namthip ។ តែបើទោះបីជា មានការបកស្រាយបែបនេះហើយក្ដី ក៏មហាជននៅតែចាប់កំហុសទៅលើតារាស្រី Bee Namthip ដដែលដែរ ជុំវិញរឿងរ៉ាវទាំងអស់នេះ៕
ប្រភព៖ Entertain