រំជួលចិត្ត! អ្នកបើកយន្តហោះ និយាយពាក្យមួយឃ្លាទៅកាន់ម្ដាយ មុនផុតជីវិតក្នុងហេតុកា.រណ៍ធ្លា-ក់យន្តហោះ
នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៣ នេះ សារព័ត៌មាន CNA បានចុះផ្សាយពីពាក្យសម្ដីចុងក្រោយ ដ៏គួរឱ្យរំជួលចិត្តរបស់អ្នកបើកយន្តហោះ ដែលបានធ្លាក់ភ្លាមៗនៅលើផ្លូវ Highway ក្នុងប្រទេសម៉ាឡេស៊ី។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ពាក្យសម្ដីចុងក្រោយរបស់អ្នកបើកយន្តហោះឈ្មោះ Shahrul Kamal Roslan និយាយទៅកាន់ម្តាយរបស់លោកឈ្មោះ Mahanum Ismail មុនពេលលោកស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ កន្លងទៅ នៅលើផ្លូវ Guthrie Highway ប្រទេសម៉ាឡេស៊ី ដោយលោកបាននិយាយថា «Adik sayang mama» ដែលមានន័យថា «ខ្ញុំស្រឡាញ់ម៉ាក់»។
មិនតែប៉ុណ្ណោះ លោកស្រី Mahanum អាយុ ៦៧ ឆ្នាំ ជាម្ដាយរបស់អ្នកបើកយន្តហោះ Beechcraft Model 390 (Premier 1) បាននិយាយថា លោកស្រីនៅតែបន្តឮពាក្យចុងក្រោយរបស់កូនប្រុសអ្នកស្រី ពេញខួរក្បាលម្ដងហើយម្ដងទៀត។ លើសពីនេះទៅទៀត អ្នកស្រីបានឱ្យដឹងទៀតថា កូនប្រុសរបស់អ្នកស្រីជាមនុស្សខ្វះម្ដាយមិនបាន (mama boy) ដែលបាននិយាយពាក្យថា «ខ្ញុំស្រឡាញ់ម៉ាក់» ជាលើកចុងក្រោយ ពេលដែលលោកស្រីចូលវះកាត់នៅពេទ្យយោធា Tuanku Mizan ។
ទន្ទឹមនឹងនេះ អភិបាលខេត្តនៅតំបន់នោះ បាននិយាយថា រដ្ឋាភិបាល Pahang នឹងទទួលបន្ទុកលើថ្លៃរៀបចំពិធីបុណ្យសពសម្រាប់ជនរងគ្រោះក្នុងហេតុការណ៍ធ្លាក់យន្តហោះ ដោយលោកបានប្រាប់អ្នកយកព័ត៌មាននៅខាងក្រៅមន្ទីរពេទ្យ Tengku Ampuan Rahimah ថា ៖ «រដ្ឋាភិបាលនឹងទទួលបន្ទុកគ្រប់យ៉ាង សម្រាប់ការរៀបចំពិធីបុណ្យសព និង ការបញ្ចុះសពជនរងគ្រោះទាំងអស់»។
គួរឱ្យដឹងដែរថា យោងតាមការចេញផ្សាយ របស់រដ្ឋមន្ត្រីដឹកជញ្ជូនលោក Anthony Loke លើយន្តហោះ Beechcraft Model 390 (Premier 1) នៅម៉ោងប្រមាណជា ២:៤០ នាទីរសៀល (ម៉ោងក្នុងប្រទេសម៉ាឡេស៊ី) ដែលបណ្ដាលឱ្យមានមនុស្ស ១០ នាក់បាត់បង់ជីវិត ( ៨ នាក់លើយន្តហោះ និង ២ នាក់ទៀត ជាអ្នកជិះឡាន និង ម៉ូតូ តាមដងផ្លូវ)៕
ប្រភព ៖ CNA