នៅថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០២៥ តាមរយៈឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ឱ្យបានដឹងថា អ្នកផលិតមាតិកាម្នាក់ ត្រូវបានក្រសួងព័ត៌មានអប់រំណែនាំរួចហើយ ក្រោយផលិតមាតិកាមិនសមរម្យ ប្រាសចាកក្រមសីលធម៌ទាក់ទងនឹងខេត្តតាកែវ។

ការអប់រំណែនាំនេះ ធ្វើឡើងបន្ទាប់ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក សម្ដែងការប្រតិកម្មចំពោះអ្នកផលិតមាតិកាឈ្មោះ «បញ្ញា-Panha» ដែលបានផលិតវីដេអូបែបកំប្លែង និង ចម្អកទៅដល់អ្នកខេត្តតាកែវ ដោយផលិតវីដេអូ ដើរសួរយុវជនថា «ខេត្តណាសាហាវព្រែផ្សៃជាងគេ» ដោយពួកគេឆ្លើយថាខេត្តតាកែវ។


យ៉ាងណាមិញ ការបង្កើតមាតិកាបែបនេះ ត្រូវបានមហាជនចាត់ទុកថា នាំឱ្យមានការស្អប់ខ្ពើម និងការរើសអើង ដែលក្នុងនោះ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា ការផលិតមាតិកាបែបនេះ គឺជាទង្វើខ្វះសីលធម៌ និង វិជ្ជាជីវៈ ដែលធ្វើឱ្យមនុស្សមួយខេត្ត ត្រូវបានគេរើសអើង។ លោកបានបន្ថែមថា លោកមិនអាចទទួលយកមិនបាននោះទេ និង បានណែនាំឱ្យមន្ទីរព័ត៌មានខេត្ត ត្រូវតាមរកបុគ្គលនេះ ដើម្បីចាត់ការតាមច្បាប់៕
