ជារឿងដ៏គួរឱ្យសោកសង្រេង លោកគ្រូ ហែន កូយ ដែលជាសាស្ត្រាចារ្យដ៏ល្បី ផ្នែករូបវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានទទួលមរណភាព ក្នុងជន្មាយុ ៧២ ឆ្នាំ នៅយប់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥។
បើតាមការឱ្យដឹងពីក្រុមគ្រួសារសព បច្ចុប្បន្ននេះ សពសាស្ត្រាចារ្យរូបវិទ្យា ហែន កូយ ត្រូវបានតម្កល់នៅផ្ទះលេខ ១៨២b ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ខណៈសព នឹងធ្វើពិធីដង្ហែទៅបូជានៅឈាបនដ្ឋាន វត្តសំបួរមាស ប្រព្រឹត្តទៅនៅវេលាម៉ោង ១ រសៀល នៅថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២៥ នេះ។
យ៉ាងណាមិញ ដំណឹងដ៏ក្រៀមក្រំ នៃការលាចាកលោករបស់សាស្ត្រាចារ្យរូបវិទ្យា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ បានធ្វើឱ្យសាស្ត្រាចារ្យជាច្រើន រួមទាំងអតីតនិស្សិតរបស់លោក នាំគ្នាចូលរួមរំលែកទុក្ខ និង សម្ដែងក្ដីសោកស្ដាយក្នុងការបាត់បង់ធនធានមនុស្សនៅកម្ពុជាមួយរូប ដែលកន្លងមកលោកគ្រូ បានបន្សល់នូវស្នាដៃជាច្រើនក្នុងវិស័យអប់រំផ្នែករូបវិទ្យា រួមមានវិញ្ញាសារូបវិទ្យាជាច្រើនទាំងសិស្សពូកែ និង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងការបកស្រាយទ្រឹស្តីផ្សេងៗរួមមានវិស្វកម្មមេកានិច ចលនាលំយោល និង ទ្រឹស្ដីស៊ីនេទិចនៃឧស្ម័នជាដើម៕