ថ្មីៗនេះ មានករណីមួយនៅប្រទេសអេស្ប៉ាញ ដោយមានក្មេងប្រុស ៣ នាក់ ត្រូវបានឪពុកម្តាយឃុំនៅក្នុងផ្ទះតាំងពីអំឡុងពេលកូវីដ-១៩ ហើយប៉ូលិសទើបតែទទួលបានព័ត៌មាន និង បានចុះទៅជួយឱ្យបានឃើញពន្លឺថ្ងៃវិញ ក្រោយពីជាប់អស់ ៤ ឆ្នាំ។

ព័ត៌មានបានឱ្យដឹងថា ប៉ូលិសទីក្រុង Oviedo បានចុះទៅត្រួតពិនិត្យផ្ទះខាងលើនេះកាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅ ដោយសារតែមានការដាច់ភ្លើងខ្នាតធំក្នុងប្រទេស ហើយក៏បានប្រទះឃើញក្មេងប្រុស ៣ នាក់ ដែលមានភ្លោះមួយគូអាយុ ៨ ឆ្នាំ និង បងប្រុសវ័យ ១០ ឆ្នាំ ត្រូវបានឪពុកម្តាយឃុំខ្លួនឱ្យនៅតែក្នុងផ្ទះមិនឱ្យទៅណាសោះតាំងពីឆ្នាំ ២០២១ កន្លងទៅ ព្រោះតែខ្លាចកូនឆ្លងជំងឺកូវីដ។ ក្មេងៗបានរស់នៅក្នុងផ្ទះដោយបិទទ្វារ និង បិទបង្អួចជិតឈឹង ខ្វះអនាម័យ ហើយសូម្បីតែអ្នកជិតខាងក៏មិនដឹងថាមានក្មេងនៅផ្ទះនេះដែរ ពួកគេក៏មិនបានទៅរៀនដូចគេដូចឯងទៀត។

យ៉ាងណាមិញ ចុងក្រោយឪពុកម្តាយរបស់ក្មេង ដែលឪពុកជាជនជាតិអាល្លឺម៉ង់ វ័យ ៥៣ ឆ្នាំ និង ម្តាយជាជនជាតិអង់គ្លេស វ័យ ៤៨ ឆ្នាំ ត្រូវបានប៉ូលិសឃាត់ខ្លួនទៅសួរនាំ ដែលពួកគេក៏អាចប្រឈមមុខនឹងការចោទប្រកាន់ពីបទទារុណកម្ម និង បោះបង់ក្មេង ក៏ដូចជារំលោភសិទ្ធិមនុស្សផងដែរ៕

ប្រភព៖ Khaosod