ខាត់ វៃហាំង នៅតែជាតារាប្រុសទី ១ ត្រូវបានអញ្ជើញពីមហោស្របភាពយន្តអន្តរជាតិចិន ជាមួយសិល្បករ ៣០ ប្រទេស
ថ្មីៗនេះ មហាជនអ្នកគាំទ្ររបស់តារាសម្ដែងប្រុសរូបសង្ហា ខាត់ វៃហាំង កំពុងចាប់អារម្មណ៍ និង បង្ហាញក្ដីរំភើបខ្លាំងចំពោះរូបលោក ខណៈទទួលបានដំណឹងថាតារាប្រុសរូបនេះទទួលបានការអញ្ជើញពីមហោស្របភាពយន្តអន្តរជាតិនៅប្រទេសចិន ចូលរួមខួបគម្រប់ ១០ ឆ្នាំរបស់ The 10th Silk Road International Film Festival។
បើតាមរយៈបណ្ដាញសង្គម IG របស់តារាសម្ដែងប្រុស ខាត់ វៃហាំង បានបង្ហោះរូបភាពដែលលោកចេញដំណើរទៅប្រទេសចិន នៅព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣ នេះហើយ ដើម្បីចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី The 10th Silk Road International Film Festival ក្រោមការអញ្ជើញពីមហោស្របភាពយន្តអន្តរជាតិនៃប្រទេសចិន។
យ៉ាងណាមិញ ក្នុងកម្មវិធី The 10th Silk Road International Film Festival នេះ ត្រូវបានដឹងថា លោក ខាត់ វៃហាំង ជាតារាសម្តែងប្រុសតែម្នាក់គត់ដែលត្រូវបានកម្មវិធី Silk Road ដ៏ធំរបស់ចិនអញ្ជោើញឱ្យចូលរួមក្នុងនាមតំណាងឱ្យតារាប្រុសកម្ពុជា ជាមួយនឹងសិល្បករជាង ៣០ ប្រទេសផ្សេងទៀត ដោយកំពុងធ្វើឱ្យមហាជនអ្នកគាំទ្រខ្មែរ ក៏ដូចជាមិត្តអ្នកសិល្បៈជាច្រើនរបស់លោកចែករំលែករូបភាពភ្ជាប់ជាមួយនឹងក្ដីរំភើបមោទកភាពចំពោះរូបលោក។
ពិតណាស់ បើនិយាយចំពោះតារាប្រុស ខាត់ វៃហាំង គឺតែងធ្វើឱ្យអ្នកគាំទ្របង្ហាញការអបអរ និង មោទកភាពចំពោះរូបលោក ដោយកន្លងមកជាតារាប្រុសខ្មែរដែលមានឥទ្ធិពលម្នាក់តែងទទួលបានការអញ្ជើញចូលរួមលើឆាកអន្តរជាតិ និង ទទួលបានពានកិត្តិយសតារាសម្ដែងឆ្នើមផ្សេងៗពីក្រៅប្រទេស។ រីឯចំពោះ កម្មវិធីរបស់មហោស្របភាពយន្តអន្តរជាតិនៃប្រទេសចិន មិនមែនជាលើកទី ១ នោះទេដែលអញ្ជើញរូបលោកចូលរួមជាភ្ញៀវកិត្តិយស ដោយកាលពីអំឡុងឆ្នាំ ២០១៩ កន្លងទៅ លោកក៏បានចូលរួមជាមួយដៃគូកញ្ញា ស៊ីន យូប៊ីន ម្ដងរួចហើយ ក្នុងកម្មវិធីគម្រប់ខួប ៦ ឆ្នាំ The 6th Silk Road International Film Festival៕