បើគិតមកដល់ពេលនេះ មានរយៈពេលប្រមាណជាង ៤០ ឆ្នាំ មកហើយ ដែលតារាកំប្លែងនាយ ចាបចៀន បានបន្តឈរជើងលើវិថីសិល្បៈយ៉ាងមានប្រជាប្រិយភាព ខណៈមានសិស្សប្អូនជំនាន់ក្រោយរីកដុះដាលជាបន្តបន្ទាប់ក្តី។ ក្នុងនោះដែរ នាយ ចាបចៀន នៅតែទទួលបានទីផ្សារការងារសិល្បៈដដែល ដោយមិនត្រឹមតែសម្តែងរឿងកំប្លែងនោះទេ តារាកំប្លែងជើងចាស់រូបនេះ ក៏ជាអ្នកច្រៀងកាត់សក់ភ្លេងការទៀតផង។
ងាកមកកាន់ជីវិតឯកជនឯណោះវិញ នាយ ចាបចៀន និង ភរិយា បានរៀបការយៈពេលជិត ៣០ ឆ្នាំមកហើយ ដោយទទួលបានចំណងដៃកូនប្រុស ១ នាក់ និង ស្រី ២ នាក់។ ម្យ៉ាងវិញទៀត បច្ចុប្បន្នកូនប្រុសស្រីរបស់ នាយ ចាបចៀន សុទ្ធតែធំពេញកំលោះក្រមុំ ដោយខ្លះបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និង ខ្លះនៅបន្តការសិក្សានៅឡើយ។
ជាការពិតណាស់ កន្លងមកនាយ ចាបចៀន បានជម្រាបថា កូនៗរបស់លោកពុំមានដុងសិល្បៈដូចជារូបលោកទេ ហើយលោកក៏មិនដែលបង្ខំឱ្យកូនៗដើរតាមគន្លងនោះដែរ ពោលគឺ លោកមានតែជំរុញឱ្យពួកគេធ្វើអ្វីដែលពួកគេចង់ធ្វើ ជាពិសេសលោកចង់ឱ្យកូនៗសិក្សាឱ្យបានខ្ពស់ និងយកជំនាញ និងចំណេះដឹងទាំងនោះទៅធ្វើការងារដែលពួកគេស្រឡាញ់ ឬជួយដល់ការងារសង្គមច្រើនជាង ។
យ៉ាងណាមិញ ការពិតទៅ កូនស្រីច្បងរបស់នាយ ចាបចៀន ក៏ធ្លាប់ជាពិធីការិនីល្បីឈ្មោះមួយរូបដែរ អំឡុងឆ្នាំ ២០២០ និង ២០២១ ក្នុងកម្មវិធី «MY Reaction» របស់ស្ថានីទូរទស្សន៍ MY TV គឺកញ្ញា ជេន។ តែយ៉ាងណាមិញ ក្រោយឈរឈ្មោះសាងប្រជាប្រិយភាពបានជាង ១ ឆ្នាំ កញ្ញា ជេន ក៏បានរសាត់ពីវិថីសិល្បៈ ដោយសម្រុកទៅលើការសិក្សា និង បានបញ្ចប់ថ្នាក់បរិញ្ញាបត្ររួចរាល់ដែរ។
បើទោះជាមិនបន្តអាជីពជាពិធីការិនីដូចមុន ប៉ុន្តែកញ្ញា ជេន កូនស្រីច្បងនាយ ចាបចៀន ក៏តែងតែបង្ហាញវីដេអូផលិតមាតិកានានានៅលើបណ្តាញសង្គមហ្វេសប៊ុក និង ថតស្ប៉តពាណិជ្ជកម្មជារឿយៗផងដែរ៕