ត្រឡប់ពីដើរលេងវិញ Yaya ទម្លាយរឿងពាក់ព័ន្ធនឹងការរៀបការជាមួយ Nadech ភ្លែត
គិតមកទល់ពេលនេះ ចំណងស្នេហ៍រវាងតារាសម្ដែងមុខប្រចាំស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ថៃ Nadech Kugimiyas និង តារាសម្ដែងស្រី Yaya Urassayas ស្រឡាញ់ និង មានឈ្មោះជាសង្សារនឹងគ្នាមក ១១ ឆ្នាំហើយ រហូតនាំឱ្យមហាជនទន្ទឹងរង់ចាំអ៊ុតមើលតែថ្ងៃចូលរោងការតែប៉ុណ្ណោះ។
សម្រាប់តារាសម្តែង Nadech និង Yaya ជាគូស្នេហ៍មួយគូដែលមហាជនតែងបានឃើញពីភាពផ្អែមល្ហែមមករហូត នៅលើបណ្ដាញសង្គមហ្វេសប៊ុក និង អ៊ីនស្តាក្រាម ហើយស្រឡាញ់គ្នាមក ១១ ឆ្នាំនេះអ្នកទាំងពីរពុំដែលលេចឮរឿងអាស្រូវស្នេហាប្រេះឆាអ្វីឡើយ។
កាលពីថ្ងៃឆ្លងឆ្នាំថ្មីកន្លងទៅ គូស្នេហ៍មួយគូនេះបានស្កាត់ទៅដើរកម្សាន្តនៅប្រទេស Switzerland ដែលធ្វើឱ្យមហាជនមួយចំនួនគិតថាមានដំណឹងល្អបាត់ទៅហើយតែតារាស្រីប្រុសគូនេះបានត្រឹមបង្ហាញភាពផ្អែមល្ហែមប៉ុណ្ណោះ។ ដោយឡែក ខណៈនេះអ្នកទាំងពីរបានត្រឡប់មកប្រទេសថៃវិញហើយ និង បានចូលរួមផ្ដល់នូវបទសម្ភាសបង្ហើបនូវរឿងរៀបការថែមទៀតផង។
ក្នុងនោះ តារាស្រី Yaya បានទម្លាយទាំងទឹកមុខញញឹមរីករាយថា ៖ «ក្នុងដំណើរកម្សាន្តឆ្លងឆ្នាំនេះ ពិតជាសប្បាយរីករាយណាស់។ ក្នុងនោះ សម្រាប់ទិដ្ឋភាពសុំរៀបការគឺមិនទាន់អាចកើតឡើងឡើយ ព្រោះជាដំណើរកម្សាន្តមួយដែលគ្មានគម្រោង កាលដែលទៅកម្សាន្តនេះ គ្រាន់តែទៅលម្ហែកាយធម្មតាៗប៉ុណ្ណោះ។ ដ្បិតថាសង្សារមិនទាន់សុំរៀបការក៏ពិតមែន ក៏នាងមិនអាក់អន់ចិត្តឡើយ គឺរង់ចាំបន្តទៀត បណ្ដាយទៅតាមពេលវេលា»៕