ដូចប្រិយមិត្តបានជ្រាបរួចមកហើយ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ មានករណីឃាតកម្មកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ម៉ន សីហា ហៅឥណ្ឌា ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ បានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះឈ្មោះ ហ៊ីម ទីណា ភេទស្រី អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ រួចយកទៅកប់នៅដីមួយកន្លែងក្បែរផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។

ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវតាមនីតិវិធី និង ជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ លុះនៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៥ កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើត្រង់ចំណុចលើភ្នំទ្រប់ ស្ថិតភូមិខ្លុង សង្កាត់អូតាវៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយជនសង្ស័យបានឆ្លើយសារភាពថា កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២៥ ជនរងគ្រោះបានមកទារប្រាក់ពីម្តាយរបស់ខ្លួន ប៉ុន្តែម្តាយមិននៅ បន្ទាប់មកខ្លួនបានលួងលោមជនរងគ្រោះឱ្យចូលទៅខាងក្នុងផ្ទះ រួចខ្លួនបានធ្វើសកម្មភាពចាប់ខ្ទប់មុខ និងវាយសម្លាប់ ហើយក៏បានរំលោភជនរងគ្រោះ ក្រោយមកក៏បានយកសាកសពទៅកប់តែម្តង។

ទាកទិនទៅនឹងករណីនេះ នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ តាមរយៈដីកាបង្គាប់ឱ្យឃុំខ្លួន ដែលបណ្ដាញសារព័ត៌មានក្នុងស្រុកទទួលបាន បានបញ្ជាក់ពីចំណាត់ការតាមផ្លូវច្បាប់ឱ្យដឹងថា ជនដៃដល់ខាងលើ ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ដោយចោទប្រកាន់ ៣ បទល្មើស ពីបទ «ឃាតកម្មគិតទុកជាមុន, ប៉ះពាល់បូរណភាព នៃសាកសព និង បទលួច» ប្រព្រឹត្តនៅភូមិក្រូច ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ៕
