កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅនេះ សារព័ត៌មាន AmarinTV បានរាយការណ៍ពីករណីចោរកម្ម ដែលមានអ្នកក្លែងខ្លួនស្លៀកស្បង់ បន្លំធ្វើព្រះសង្ឃ ចូលទៅលួចលុយវត្តនៅក្នុងកុដ្ឋិគ្រូចៅអធិការនាវត្តមួយកន្លែងអស់រាប់ពាន់ដុល្លារ។

តាមព័ត៌មានបានឱ្យដឹងថា ហេតុការណ៍បានកើតឡើងតាំងពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២៥ កន្លងទៅនៅវត្ត Traisikhachotipanyaram ខេត្ត Ubon Ratchathani ។ ក្នុងនោះ តាមរយៈកាមេរ៉ាសុវត្ថិភាពគេបានឃើញព្រះសង្ឃមួយអង្គដែលមានការតែងកាយខុសធម្មតា ដើរចូលទៅក្នុងកុដ្ឋិរបស់គ្រូចៅអធិការ រួចក៏ចេញមកវិញ ហើយក្រោយមកទើបដឹងថាលុយចំនួនជាង ៣ សែនបាត ប្រមាណជា ៩ ពាន់ដុល្លារ ដែលទុកសម្រាប់រៀបចំពិធីបដិបត្តិធម៌ ក៏បានបាត់ទៅជាមួយគ្នា។

យ៉ាងណាមិញ តាមព័ត៌មានបានឱ្យដឹងថា ករណីបាត់លុយនេះធ្លាប់កើតមានក្នុងវត្តម្តងហើយ កាលពីឆ្នាំ ២០២៤ កន្លងទៅ ដែលកាលនោះបាត់អស់ជាង ១ សែនបាត។ ចំណែក គ្រូចៅអធិការបានឱ្យដឹងថា លោកមិនចោទប្រកាន់ជនល្មើសនោះទេ តែបើសិនជាមានសតិសម្បជញ្ញៈសូមយកលុយមកសងវត្តវិញ។ ដោយឡែក ខាងអាជ្ញាធរបានសន្និដ្ឋានថា ចោរនេះអាចដឹងផ្ទៃក្នុងរបស់វត្តយ៉ាងច្បាស់ ហើយពេលនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមចាប់មុខសញ្ញាចោរខាងលើនេះ ដើម្បីយកដាក់ទោសទៅតាមផ្លូវច្បាប់ផងដែរ៕


ប្រភព៖ AMARINTV