សារព័ត៌មាន Sinchew បានរាយការណ៍ពីករណីការស្លាប់របស់មនុស្សចំនួន ៤ នាក់នៅក្នុងបន្ទប់ជួលមួយកន្លែងនៅឯតៃវ៉ាន់ ដែលបណ្តាលមកពីឧស្ម័នកាបូនឌីអុកស៊ីត ដែលភាយចេញពីគ្រឿងដាំទឹកអគ្គិសនីនៅក្នុងបន្ទប់។

តាមព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះទាំង ៤ នាក់ជាជនជាតិវៀតណាម មានបុរសចំនួន ២ នាក់ជាពលករ និង ស្រ្តីចំនួន ២ នាក់ ដែលមានម្នាក់ជាពលករដូចគ្នា និង ម្នាក់ទៀតជានិស្សិត។ សពរបស់ពួកគេត្រូវបានប្រទះឃើញកាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅ ដោយគ្មានស្លាកស្នាមឃាតកម្មឡើយ ហើយខាងប៉ូលិសបានសន្និដ្ឋានថាពួកគេបានស្លាប់នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ ព្រោះតែកាមេរ៉ាសុវត្ថិភាពបង្ហាញថាពួកគេមិនបានចេញពីបន្ទប់តាំងពីថ្ងៃនោះ។

តាមព័ត៌មានបានឱ្យដឹងទៀតថា បន្ទប់ជួលនេះ ត្រូវបានជួលដោយជនរងគ្រោះជាបុរសទាំង ២ នាក់ ហើយនៅថ្ងៃកើតហេតុពួកគេបានហៅស្រ្តីទាំង ២ នាក់មកផឹកស៊ីនៅក្នុងបន្ទប់។ ប៉ូលិសបានឱ្យដឹងថា ពួកគេទាំង ៤ នាក់បានដេកស្លាប់នៅក្នុងបន្ទប់នោះ ដោយបង្អួចត្រូវបានបិទជិតឈឹងហើយក៏មានគ្រឿងដាំទឹកអគ្គិសនីនៅក្បែរនោះ ចំណែកឯម៉ាស៊ីនទឹកក្តៅនៅក្នុងបន្ទប់ទឹកត្រូវបើកចោល ដែលគេសន្និដ្ឋានថាវាអាចបណ្តាលឱ្យកើតឧស្ម័នកាបូនឌីអុកស៊ីត ដែលធ្វើឱ្យជនរងគ្រោះដាច់ខ្យល់ស្លាប់៕

ប្រភព៖ Kapook