បុរសម្នាក់ មុខមាត់ រាងរៅ សង្ហាមួយចប់ ទាស់តែម្យ៉ាង កើតមកគ្មានមេដៃគ្រប់ម្រាមប្រាំនឹងគេ។ តែយ៉ាងណាមិញ ការបាត់ម្រាមមួយនេះហើយ វាបានក្លាយជាលក្ខណៈពិសេស ដែលធ្វើឱ្យលោកល្បីល្បាញនៅលើបណ្តាញសង្គម។
បុរសរូបនេះត្រូវបានគេស្គាល់តាមរយៈគណនី TikTok ឈ្មោះ qiaodilucky8 ដែលលោកមានឈ្មោះពិត Qiao Aalbers មានអាយុ ២៦ ឆ្នាំ។
កំលោះសង្ហា Qiao Aalbers បានចាប់កំណើតនៅប្រទេសចិន។ លោកត្រូវបានគេសុំយកទៅចិញ្ចឹមនៅអាយុ ៤ ខែ និង ផ្លាស់ទៅរស់នៅប្រទេសហូឡង់។ ទោះបីធំធាត់នៅអឺរ៉ុប ប៉ុន្តែលោកមិនដែលមានអារម្មណ៍ថា ទីនោះដូចជាផ្ទះរបស់លោកឡើយ។ ជីវិតដំបូងជាមួយកង្វះម្រាមមេដៃ វាបានធ្វើឱ្យលោកមានអារម្មណ៍គ្មានសុវត្ថិភាពនៅក្នុងជីវិត តែក្រោយចំណាយពេលជាច្រើនឆ្នាំ ធ្វើដំណើរជុំវិញប្រទេសជាច្រើននៅអឺរ៉ុប វាក៏បានធ្វើឱ្យលោកមានទំនុកចិត្តលើខ្លួនឯងឡើងវិញ។
ឥលូវនេះ លោកអាចចាកចេញពីភាពទន់ខ្សោយ សូម្បីនៅក្នុងវីដេអូបង្ហោះលើបណ្តាញសង្គម ក៏លោកបាននិយាយលេងសើចអំពីមេដៃ ដែលកើតមកគ្មានវាផងដែរ។ អាចថា ដោយសារគ្មានមេដៃ លោកបានក្លាយជាអ្នកបង្កើតមាតិកាវីដេអូ ដែលតែងចែករំលែកអំពីសមត្ថភាពនៃការប្រើម្រាមដៃទាំងប្រាំបីរបស់លោក។
រាល់វីដេអូដែលលោកបង្ហាញ តែងផ្ទុះការចាប់អារម្មណ៍ មានអ្នកចូលទស្សនាខ្ទង់លាននាក់ ល្បីល្បាញលើបណ្តាញសង្គម និង កើន followers រាប់ពាន់នាក់ជាប្រចាំ។ លោកថា ម្រាមដៃទាំងប្រាំបីនេះ អាចធ្វើសកម្មភាពពិបាកៗច្រើនយ៉ាង លើកលែងតែម្យ៉ាងគឺ ការជិះកង់៕
ប្រភព៖ NYP