នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៥ នេះ សារព័ត៌មាន Khaosod បានរាយការណ៍ថា ប្រទេសថៃបានប្រទះករណីបាក់ស្រុតផ្លូវសាជាថ្មី ដោយលើកនេះមានបណ្តោយប្រវែង ១០ ម៉ែត្រ និង ទទឹង ៦ ម៉ែត្រ។
តាមព័ត៌មានបានឱ្យដឹងថា ការបាក់ស្រុតនេះ បានកើតឡើងនៅលើផ្លូវមួយខ្សែឈ្មោះរ៉ាក់ដូន ឃ្លងកាពិ ខាងក្រោយផ្សារទំនើបល្បីមួយ ស្ថិតក្នុងឃុំសាម៉េត ស្រុកមឿង ខេត្តឈុនបុរី។ តាមការត្រួតពិនិត្យគេឃើញថា កន្លែងបាក់ស្រុតនេះមានបណ្តោយប្រវែង ១០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងជម្រៅប្រមាណ ៣ ម៉ែត្រ ហើយនៅពេលនេះអាជ្ញាធរកំពុងតែធ្វើការបិទផ្លូវនេះជាបណ្តោះអាសន្ន ដើម្បីត្រួតពិនិត្យបន្ថែម និងរកដំណោះស្រាយជួសជុល។
ដោយឡែក តាមព័ត៌មានបានឱ្យដឹងថា ការជួសជុលអាចនឹងត្រូវពេលរហូតដល់ ១ ខែឯណោះ រីឯអ្នកស្រុកអ្នកភូមិនៅម្តុំនោះវិញ បាននាំគ្នាភិតភ័យមិនតិចឡើយ ព្រោះតែខ្លាចថាកើតទៅជាការបាក់ស្រុតធ្ងន់ធ្ងរដូចនៅលើផ្លូវសាមសែននាទីក្រុងបាងកកកាលពីពេលកន្លងមក៕
ប្រភព៖ Khaosod