នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ ២០២៥ នេះ តាមរយៈសារព័ត៌មានក្នុងស្រុក បានចុះផ្សាយឱ្យដឹងថា មានករណីទូកដឹកទំនិញមួយគ្រឿងចេញមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាតាមផ្លូវសមុទ្រ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងគយចល័តបង្ក្រាប និង រកឃើញកញ្ឆាក្រៀមជាង ៦១ គីឡូក្រាម និង សារធាតុផ្សំផ្សេងទៀតជាង ៥០០ គីឡូក្រាម នៅចំណុចមុខព្រែកប៉ាក់ខ្លង ភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
តាមប្រភពបានឱ្យដឹងថា ដោយមានការសង្ស័យ ទើបនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៥ វេលាម៉ោង ១៣៖០០ នាទី កម្លាំងបានឆែកឆេរត្រួតពិនិត្យរាល់ឥវ៉ាន់ដែលមាននៅលើទូក ខណៈតាមរបាយការណ៍បានបញ្ជាក់ថា ដោយបានពិនិត្យឃើញជាក់ស្តែងរួមមាន៖
ទី១៖ សង្ស័យជាកញ្ឆាក្រៀម ចំនួន ១២៤ កញ្ចប់ (ធំ១២២កញ្ចប់, តូច២កញ្ចប់) ស្មើនឹង ៦១.២០ គីឡូក្រាម
ទី២៖ ម្ស៉ៅក្រាមពណ៌ស ចំនួន ៤១០ កញ្ចប់ធំ ស្មើនឹង ៤១០ គីឡូក្រាម
ទី៣៖ ម្ស៉ៅក្រាមពណ៌លឿង ចំនួន ៤៤៩ កញ្ចប់ (កញ្ចប់ធំ ៤២ កញ្ចប់តូច ៤០៧) ស្មើនឹង ៦០.៣០ គីឡូក្រាម
ទី៤៖ ម្ស៉ៅក្រាមពណ៌ឈូក ចំនួន ២២ កញ្ចប់ធំ ស្មើនឹង ២២ គីឡូក្រាម
ទី៥៖ ម្ស៉ៅក្រាមពណ៌បៃតងស្រាល ចំនួន ៦ កញ្ចប់ធំ ស្មើនឹង ៦ គីឡូក្រាម
ទី៦៖ ម្ស៉ៅក្រាមពណ៌ត្រាវ ចំនួន ២ កញ្ចប់ធំ ស្មើនឹង ២ គីឡូក្រាម
ទី៧៖ ម្ស៉ៅក្រាមពណ៌ប្រផេះ ចំនួន ១០ កញ្ចប់ធំ ស្មើនឹង ១០ គីឡូក្រាម
ទី៩៖ ទំនិញចាប់ហួយមួយចំនួន។
ទាក់ទិនទៅនឹងករណីនេះ ក្រោយកម្លាំងជំនាញយកសំណាកទៅធ្វើតេស្តពិសោធន៍រួច ពិនិត្យឃើញថា មានកញ្ឆាក្រៀម ចំនួន ១២៤ កញ្ចប់ (ធំ ១២២ កញ្ចប់ និង តូច ០២ កញ្ចប់) ស្មើនឹង ៦១.២០ គីឡូក្រាម ពិតជាកញ្ឆាពិតប្រាកដមែន។ ដោយឡែកម្សៅក្រាមចំនួន ៨៩៩ កញ្ចប់ (ធំ ៤៩២ កញ្ចប់ និង តូច ៥០៧ កញ្ចប់) ស្មើនឹង ៥១០.៣០ គីឡូក្រាម ពុំមានសារធាតុញៀនទេ គឺជាម្ស៉ៅសម្រាប់ធ្វើភេសជ្ជៈ។ បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅការិយាល័យគយ និង រដ្ឋាករប៉ាក់ខ្លង ខេត្តកោះកុង ជាបណ្តោះអាសន្ន ចំណែកជនសង្ស័យកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី៕
ប្រភព ៖ Fresh News