ប្រាសាទក្រោលគោ ហាក់ស្ងប់ស្ងាត់មិនសូវមានអ្នកទេសចរចូលទៅទស្សនា
ថ្វីត្បិតតែជាប្រាសាទបុរាណ ដែលកសាងដោយថ្មភក់ក្តី ក៏ប្រាសាទក្រោលគោហាក់មិនសូវទទួលបានការចាប់អារម្មណ៍ច្រើនពីភ្ញៀវទេសចរចូលទៅទស្សនាប៉ុន្មានឡើយ ពោលគឺឃើញតែគេនាំគ្នាសម្រុកទៅទស្សនាតាមបណ្តាប្រាសាទផ្សេងៗទៅវិញ ។
មិនដឹងថា បណ្តាលមកពីបរិវេណប្រាសាទនោះតូចជាងប្រាសាទនានា ឬក៏ដោយសារឈ្មោះរបស់ ប្រាសាទនោះ ទើបធ្វើឱ្យភ្ញៀវទេសចរហាក់ពុំមានការចាប់អារម្មណ៍ជាមួយប្រាសាទនេះ ? ។ ជាក់ស្តែងនៅពេលចូលទៅដល់ទីតាំងប្រាសាទគេពិតជាសង្កេតឃើញថា មានសភាពស្ងប់ស្ងាត់មើលទៅគួរឱ្យស្រងេះស្រងោចពេកក្រៃ ។ បើពិនិត្យជារួមប្រាសាទក្រោលគោសាងសង់ឡើង ដោយថ្មភក់ និង មានចម្លាក់បុរាណល្អប្រណិតដូច ប្រាសាទបុរាណនានាផងដែរ ។
ប្រាសាទក្រោលគោគឺជាប្រាសាទបុរាណបែបព្រះពុទ្ធសាសនាខ្មែរ ដែលត្រូវបានកសាងឡើងនៅចុង សតវត្សទី ១២ រជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ ។ ប្រាសាទនេះមានទីតាំងស្ថិតនៅចម្ងាយ២គីឡូម៉ែត្រ ពីប្រាសាទតាសោម នៅខាងស្តាំដៃ ចុះពីផ្លូវប្រហែល ៩០០ម៉ែត្រ។ ប្រាសាទនេះមានប្រាង្គតែមួយស្ថិតនៅលើលានរាងកាកបាទ និង មានបណ្ណាល័យមួយធ្វើអំពីថ្មបាយក្រៀម និង ថ្មភក់បែរមុខទៅទិសខាង ត្បូង។ កំពែងប្រាសាទធ្វើអំពីថ្មបាយក្រៀម ដែលមានគោបុរៈនៅទិសខាងកើត និង មានគូទឹកព័ទ្ធជុំវិញ។
បើស្រឡាញ់ប្រាសាទបុរាណខ្មែរគួរតែស្គាល់ប្រាសាទក្រោលគោនេះផង ៕
ដោយ ៖ ដេវីត