ទៅលេងសហគមន៍ទេសចរណ៍ ដីក្រហមនៅភ្នំត្បែង ពិតជាសប្បាយខ្លាំងណាស់
បើលោកអ្នកបានទៅដល់ទឹកដីនៃខេត្តព្រះវិហារ គួរតែសាកល្បង ទៅកម្សាន្តនៅតំបន់សហគមន៍ដីក្រហម ភ្នំត្បែងម្តង ពិតជាមិនធ្វើឱ្យលោកអ្នកខុសបំណងឡើយ នៅទីនោះនឹងធ្វើឱ្យលោកអ្នកមនការផ្លាស់ប្តូរ មិនខាន ក្រោយពីបំពេញការងារយ៉ាងតានតឹងរួចមក ។ សហគមន៍ទេសចរណ៍ ដីក្រហមមានទីតាំងស្ថិតនៅតំបន់ ភូមិដីក្រហម ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ។
ភ្ញៀវទេសចរ ដែលមានចំណង់ចំណូលចិត្ត ចំពោះទឹកធ្លាក់ធម្មជាតិអាចជ្រើសរើសតំបន់នេះ ដើម្បីសម្រាកលំហែរ ស្រូបយកខ្យល់អាកាសបរិសុទ្ធ សម្រស់ព្រៃឈើដ៏ស្រស់បំព្រងខៀវខ្ចី នារដូវវស្សា ទឹកធ្លាក់ដ៏ត្រជាក់ ព្រមទាំងចូលរួមដាំស្រូវ ដែលជាមុខរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ។ សហគមន៍ទេសចរណ៍ ដីក្រហម មានចម្ងាយ ៣៧ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ លោកអ្នកអាចធ្វើដំណើតាមផ្លូវជាតិលេខ ៦២ រួចធ្វើដំណើឆ្លងកាត់ស្នាក់ការក្រុមហ៊ុនថ្មម៉ាប ឬ ផ្លូវថ្មី ។
ដើម្បីទៅដល់ទីនោះបានស្រួល លោកអ្នក គួរតែទំនាក់ទំនង ជាមួយប្រធានសហគមន៍ផ្ទាល់ដើម្បីណែនាំផ្លូវចូលទៅកាន់ ទឹកធ្លាក់នានា ពីព្រោះ ពីផ្លូវជាតិទៅកាន់ទឹកធ្លាក់ត្រូវឆ្លងកាត់ព្រៃឡើងចុះចំណោតភ្នំ និង វាលស្រែ ដែលតម្រូវឱ្យលោកអ្នកត្រូវជិះគោយន្តចម្ងាយ ៥ គីឡូម៉ែត្រ និង ដើរថ្មើរជើង ចម្ងាយ ២ គីឡូម៉ែត្រ។ នៅទីនោះ ក្រៅពីដើរលើស្ពានយោលទស្សនាព្រៃឈើ លោកអ្នក ក៏អាចទស្សនា ទឹកធ្លាក់ យ៉ាងសប្បាយរីករាយទៀតផង ៕
ដោយ៖សុថាត់