ក្មេងកើតមិនគ្រប់ខែ ច្រើនតែជួបបញ្ហាពិបាកទំនាក់ទំនងក្នុងសង្គម
កុមារដែលកើតមិនគ្រប់ខែ មិនត្រឹមតែមានបញ្ហាច្រើនប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ច្រើនមានបញ្ហានៃទំនាក់ទំនងក្នុងការរស់នៅក្នុងសង្គមផងដែរ ជាពិសេសពួកគេច្រើនជាមនុស្សដែលឯកកោ និង មិនសូវមានមិត្តភក្តិជិតដិតច្រើននោះទេនៅក្នុងសង្គម នេះបើយោងតាមការសិក្សាមួយបានឱ្យដឹង ។
កុមារដែលកើតមិនគ្រប់ខែមិនសូវជាចំណាយពេលច្រើនលេងជាមួយមិត្តភក្តិដូចកុមារដទៃ គឺពួកគេច្រើនចំណាយពេលវេលាតិចជាងកុមារទូទៅក្នុងកិច្ចទំនាក់ទំនងនៅក្នុងសង្គមនៃកុមារភាពរបស់ពួកគេ ។
ការស្រាវជ្រាវទៅលើក្មេងសិស្សសាលាបឋមសិក្សាមួយចំនួនដែលពួកគេកើតមិនគ្រប់ខែ បានឱ្យដឹងថាកុមារទាំងនោះច្រើនជាកុមារដែលមិនសូវជាមានមិត្តភក្តិច្រើននោះឡើយ នោះគឺដោយសារតែការទំនាក់ទំនង និង ចរិតលក្ខណៈមានសភាពខុសពីក្មេងទូទៅបន្តិច ដូចជាឥរិបថនៃការលេងជាមួយក្មេងដទៃ ការរាប់អាន ការសន្ទនា និង កត្តាសុខភាពជាដើម ។
ប៉ុន្តែទំនោរនេះមានការថយចុះទៅវិញ នោះគឺមានន័យថាពួកគេនឹងមានមិត្តភក្តិច្រើនជាងមុននៅពេលឈានដល់វ័យធំបន្តិច ។ ហេតុដូច្នេះឪពុកម្តាយក៏មិនគួរព្រួយបារម្ភពេកនោះទេ ប្រសិនបើឃើញកូនមិនសូវជាលេងជាមួយក្មេងដទៃ និង ទំនាក់ទំនងជាមួយក្មេងទូទៅច្រើនទេនោះ នេះបើយោងតាមលោក សាស្ត្រាចារ្យ Dieter Wolke មកពីសាកលវិទ្យាល័យ University of Warwick នៅចក្រភពអង់គ្លេសបានឱ្យដឹង ៕ សុផល (ប្រភព៖ Zeenews.com)