ដំណោះស្រាយបញ្ហាពិបាកមានកូន ខណៈរដូវមិនទៀង
ប្រសិនបើស្ត្រីមានវដ្តរដូវមិនទៀងទាត់ ហើយធ្វើឱ្យអ្នកបារម្ភពីការមិនមានផ្ទៃពោះនោះ អ្នកមិនបាច់បារម្ភពេកនោះទេ ។ ស្ត្រីអាចផ្តោតលើរបបអាហារដែលមានតុល្យភាព និង ធ្វើលំហាត់ប្រាណឱ្យបានរៀងរាល់ថ្ងៃ នោះនឹងអាចជួយដោះស្រាយបញ្ហានេះបាន នេះបើយោងតាមអ្នកជំនាញសុខភាពបានឱ្យដឹង ។
លោកស្រី Lavanya Kiran អ្នកឯកទេសរោគស្ត្រីនៅមន្ទីរពេទ្យ Narayana Group និង លោក Anil Prakash នៅមន្ទីរពេទ្យ MMG District Hospital បានបង្ហាញនូវចំណុចមួយចំនួនដែលស្ត្រីមិនគួរបារម្ភនោះទេ ប្រសិនបើចង់មានផ្ទៃពោះឆាប់ បើទោះរដូវដើរមិនទៀងក្តី ។
ស្ត្រីគួរកំណត់របបអាហារដែលមានតុល្យភាព ពីព្រោះវាអាចជួយរក្សាលំនឹងអ័រម៉ូន និង បង្គ្រប់វីតាមីនឱ្យបានច្រើនប្រភេទជាពិសេសសារធាតុអាស៊ីតហ្វូលិក បន្លែគ្រប់ប្រភេទ ចេក សណ្តែក និង ប៉េងប៉ោះ ។
ត្រូវធ្វើឱ្យរាងកាយអ្នកសកម្មដោយហាត់កីឡា កាត់បន្ថយភាពតានតឹងក្នុងជីវិតប្រចាំថ្ងៃ និង ត្រូវរួមភេទទៅតាមពេលវេលាដែលល្អប៉ុន្តែកុំញឹកញាប់ខ្លាំងពេក និង ត្រូវទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យប្រសិនបើមានចំណុចសុខភាពណាមួយមិនប្រក្រតី ៕ សុផល (ប្រភព៖ zeenews.com)